(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អភិបាលក្រុង-ស្រុក ត្រូវបន្តរួមគ្នាការពារ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំខែធ្នូ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទតោ។
ការបង្ក្រាបបទល្មើស៖ ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុក សហការជាមួយមន្ត្រីជំនាញ ចុះទប់ស្កាត់បទល្មើស Online Scam និង បទល្មើសធនធានធម្មជាតិ ដោយមិនត្រូវបណ្តោយឱ្យកើតមានបន្តទៀតឡើយ ដើម្បីការពារទ្រព្យសម្បត្តិរដ្ឋឱ្យបានគង់វង្ស។
សន្តិសុខ និងសណ្តាប់ធ្នាប់៖ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ការកែលម្អសោភ័ណភាពក្រុងស្ទឹងសែន៖ ឯកឧត្តមបានណែនាំឱ្យរដ្ឋបាលក្រុងស្ទឹងសែន រៀបចំអនាម័យ និងសណ្តាប់ធ្នាប់តាមសួនច្បារមាត់ស្ទឹងឱ្យមានរបៀបរៀបរយ។
”យើងត្រូវរួមគ្នាប្រែក្លាយក្រុងស្ទឹងសែន ឱ្យទៅជាទីក្រុងដែលមានភាពទាក់ទាញខ្លាំងសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយៈការរៀបចំបរិស្ថានល្អ និងសុវត្ថិភាពខ្ពស់”។ នេះជាការបញ្ជាក់បន្ថែមរបស់ ឯកឧត្តម នួន ផារ័ត្ន។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានណែនាំឱ្យមានការប្រមូលជនអនាថា និងជនវិកលចរិតក្នុងក្រុង បញ្ជូនទៅកាន់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីរៀបចំកន្លែងស្នាក់នៅឱ្យបានត្រឹមត្រូវ ជៀសវាងការប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសោភ័ណភាពក្រុង៕ដោយ អ៊ួង សុផាត

