(កំពង់ធំ)៖ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ខេត្តកំពង់ធំ បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្ត និងជាប្រធាន សសយក ខេត្តកំពង់ធំ និងលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅទីស្នាក់ការ សសយក ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ ឯកឧត្តម ជា វ៉ាន់ចាន់ បានសង្កត់ធ្ងន់ថា យុទ្ធនាការនេះមិនត្រឹមតែជាការជួបជុំគ្នាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីស្មារតីសាមគ្គីភាព និងទឹកចិត្តមនុស្សធម៌ដ៏ធំធេងរបស់យុវជនចំពោះសង្គមជាតិ។ ឯកឧត្តមបានលើកឡើងថា៖
”ការផ្តល់ឈាម គឺការផ្តល់ក្តីសង្ឃឹម និងការផ្តល់ជីវិត។ ឈាមមិនមានរោងចក្រណាអាចផលិតបានក្រៅពីសប្បុរសជនឡើយ។ ការសម្រេចចិត្តបរិច្ចាគឈាមនៅថ្ងៃនេះ គឺស្មើនឹងការផ្តល់ឱកាសឱ្យអ្នកជំងឺបានបន្តជីវិតជាមួយគ្រួសាររបស់ពួកគេ”។
ឯកឧត្តមបន្ថែមថា កិច្ចសហការរវាងក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការបង្កើតយុទ្ធនាការបែបនេះ នឹងជួយបង្កើនទំនុកចិត្តដល់សាធារណជន និងកសាងវប្បធម៌នៃការចែករំលែករវាងអ្នកមានសុខភាពល្អ និងអ្នកជំងឺដែលកំពុងត្រូវការឈាមជាបន្ទាន់។
យោងតាមរបាយការណ៍របស់ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានឱ្យដឹងថា តម្រូវការឈាមនៅកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់៖
រៀងរាល់ ៥នាទីម្តង៖ មានតម្រូវការឈាមមួយប្លោកដើម្បីសង្គ្រោះជីវិត។
នៅរាជធានីភ្នំពេញត្រូវការឈាមជាមធ្យម ៣៥០ប្លោក។
តម្រូវការប្រចាំឆ្នាំ (២០២៥)៖ ទូទាំងប្រទេសមានតម្រូវការជិត ១៧៩,៣៣២ប្លោក។
ទោះជាយ៉ាងណា លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ការបរិច្ចាគដោយស្ម័គ្រចិត្តបច្ចុប្បន្នឆ្លើយតបបានត្រឹមតែ ២២.១% ប៉ុណ្ណោះនៃតម្រូវការសរុប ខណៈដែលអង្គការសុខភាពពិភពលោក (WHO) ចង់ឱ្យការបរិច្ចាគដោយស្ម័គ្រចិត្តកើនឡើងដល់លើសពី ៩០%។ លោកក៏បានអំពាវនាវដល់សាធារណជនកុំឱ្យមានការព្រួយបារម្ភ ព្រោះការបរិច្ចាគឈាមមិនត្រឹមតែមិនប៉ះពាល់ដល់សុខភាពនោះទេ ប៉ុន្តែថែមទាំងជួយជម្រុញដល់ការផលិតកោសិកាឈាមថ្មីៗផងដែរ។
ជាទីបញ្ចប់ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវក្តីសង្ឃឹមថា យុទ្ធនាការនេះនឹងក្លាយជាកម្លាំងចលករជម្រុញឱ្យមន្ត្រីរាជការ យុវជន និងប្រជាពលរដ្ឋ ចូលរួមបរិច្ចាគឈាមកាន់តែច្រើន ដើម្បីកុំឱ្យមានអ្នកជំងឺណាម្នាក់ស្លាប់បាត់បង់ជីវិតដោយសារតែការខ្វះឈាមសង្គ្រោះឡើយ៕ដោយអ៊ួង សុផាត

