(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៥ និងដាក់ចេញទិសដៅអនុវត្តបន្ត។
ក្នុងអង្គប្រជុំ លោកឧត្ដមសេនីយ៍ត្រី ពេជ ថាល់ ប្រធានក្រុមការងារលេខាធិការដ្ឋាន បានរាយការណ៍អំពីសភាពការណ៍ទូទៅ ដោយសង្កត់ធ្ងន់លើជោគជ័យនៃគោលនយោបាយ «ភូមិ ឃុំ មានសុវត្ថិភាព»។ ពិសេស លោកបានលើកឡើងពីសកម្មភាពយ៉ាងសកម្មរបស់កងកម្លាំងចម្រុះ ក្នុងការការពារ និងបង្ក្រាបបទល្មើសធនធានធម្មជាតិយ៉ាងមានប្រសិទ្ធភាពនាពេលកន្លងទៅ។
លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានគណៈបញ្ជាការឯកភាពខេត្ត បានបង្ហាញកង្វល់លើចំណុចមួយចំនួន៖
បទល្មើសព្រៃឈើ៖ នៅតែមានជនល្មើសលួចកាប់ទន្ទ្រានព្រៃឈើយកដីរដ្ឋធ្វើជាកម្មសិទ្ធិក្នុងភូមិសាស្ត្រស្រុកសណ្តាន់។
បទល្មើសនេសាទ៖ ទោះបីបទល្មើសទ្រង់ទ្រាយធំមានការថយចុះ ប៉ុន្តែនៅតែមានការលួចលាក់ដាក់របាំងសាច់អួនក្រឡាញឹក និងស្បៃមុង ក្នុងតំបន់ព្រៃរនាម និងតំបន់ទឹកជ្រៅ។
លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តតាមបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងបទបញ្ជារបស់អភិបាលខេត្ត ដើម្បីសហការជាមួយអាជ្ញាធរដែនដី បង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យអស់ពីមូលដ្ឋាន។
ការផ្ដាំផ្ញើ និងទិសដៅបន្តពីឯកឧត្តមអភិបាលខេត្ត
ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធទាំងបី និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានរក្សាសន្តិសុខជូនប្រជាពលរដ្ឋបានយ៉ាងល្អ។ ជាមួយគ្នានេះ ឯកឧត្តមបានដាក់ចេញភារកិច្ចសំខាន់ៗបន្ថែម៖
បង្ក្រាបបទល្មើសបច្ចេកវិទ្យា៖ រួមគ្នាប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ (Scan Online)។
កសិកម្ម និងឧស្សាហកម្ម៖ បន្តជំរុញការងារកសិកម្មឱ្យមានការរីកចម្រើន។
ធនធានធម្មជាតិ៖ ត្រូវរួមគ្នាទទួលខុសត្រូវខ្ពស់ក្នុងការការពារ និងទប់ស្កាត់ការទន្ទ្រានព្រៃឈើ និងបទល្មើសនេសាទឱ្យមានប្រសិទ្ធភាពបំផុត។ដោយ អ៊ួង សុផាត

