ដោយ : ភ្នំធំ / ភ្នំពែញ:ក្រុមការងារអន្តរក្រសួងរបស់រាជរដ្ឋាភិបាល បាននិងកំពុងខិតខំប្រឹងប្រែង នៅក្នុងការស្រង់ស្តិតិ វាយតម្លៃ ក៏ដូចជាបានពិភាក្សាលើជម្រើសនានា ដើម្បីរកដំណោះស្រាយសមស្រប ក្នុងការស្តារឡើងវិញឱ្យឆាប់បំផុតនូវហេដ្ឋារចនាសម្ព័ន្ធនានាដែលខូចខាតក្នុងជម្លោះព្រំដែន។
នៅក្នុងការថ្លែងសារពិសេសនៅយប់ថ្ងៃទី១០ ខែមករានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងប្រើប្រាស់ធនធានថវិកា ទាំងថវិកាជាតិ និងថវិកាពីដៃគូអភិវឌ្ឍន៍ ដើម្បីស្តារឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះឡើងវិញ ឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន តាមស្ថានភាពជាក់ស្តែង។
គួររំឭកថា នៅក្នុងការរំលោភបំពានមកលើដែនអធិបតេយ្យភាពកម្ពុជា ពីថ្ងៃទ័ ៧-២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ យោធាថៃបានប្រើប្រាស់សព្វាវុធធុនធ្ងន់ជាច្រើនប្រភេទ មានទាំងយន្តហោះចម្បាំងផង ទម្លាក់គ្រាប់បែក មកក្នុងដែនដីកម្ពុជា។
ក្នុងវាយប្រហាររបស់យោធាថៃ បានធ្វើឱ្យ ហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវសាធារណៈជាច្រើន បានរងការខូចខាត ដែលមានជាអាទិ៍ សាលារៀន មណ្ឌលសុខភាព ពេទ្យបង្អែក ផ្លូវ ផ្សារ ស្ពាន បណ្តាញទឹកស្អាត អគ្គិសនី និងទូរគមនាគមន៍។
ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ថា បច្ចុប្បន្ន ក្រុមការងារចំពោះកិច្ច បាន និងកំពុងវាយតម្លៃការខូចខាត មុននឹងដាក់ចេញនូវវិធានការដោះស្រាយជាក់លាក់ ៕

