ខេត្តកំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្ត បានដាក់បញ្ជាឱ្យសមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋាន ស្រាវជ្រាវវែករកមុខសញ្ញាជនល្មើសដែលលួចកាប់ទន្ទ្រានព្រៃឈើរបស់រដ្ឋយកមកផ្តន្ទាទោសតាមច្បាប់ដោយគ្មានការលើកលែង។
ការដាក់បញ្ជានេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកដឹកនាំមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យការកាប់ទន្ទ្រានព្រៃឈើថ្មីៗទំហំ ៤៥ ហិកតា ស្ថិតក្នុងតំបន់អូតាលោក ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានកត់សម្គាល់ថា ជនខិលខូចបានឆ្លៀតឱកាសលួចកាប់ទន្ទ្រានដីព្រៃបម្រុងទុករបស់រដ្ឋ ក្នុងពេលដែលកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំមួយផ្នែក ត្រូវបានដកទៅបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតំបន់ព្រំដែនកម្ពុជា-ថៃ នាពេលកន្លងទៅ។
លោកបានបញ្ជាក់ថា ក្នុងរយៈពេលជិត ២ឆ្នាំចុងក្រោយនេះ គណៈកម្មការខេត្តបានខិតខំយ៉ាងខ្លាំងក្នុងការការពារដីព្រៃ និងបានដកហូតផ្ទៃដីពីជនល្មើសបានជាង ៤,០០០ ហិកតា ដើម្បីរក្សាទុកឱ្យព្រៃឈើដុះឡើងវិញ និងបានដាំស្តារព្រៃឈើឡើងវិញមួយផ្នែកផងដែរ។ លោកសង្កត់ធ្ងន់ថា នឹងមិនបណ្តោយឱ្យសកម្មភាពទន្ទ្រានយកដីរដ្ឋមកធ្វើជាកម្មសិទ្ធិឯកជនកើតឡើងជាថ្មីទៀតឡើយ។
ដើម្បីលើកទឹកចិត្ត និងបង្កើនប្រសិទ្ធភាពការងារការពារព្រៃឈើ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈ ឯកឧត្តម វង្សី វិស្សុត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ជូនដល់កងកម្លាំងប្រចាំការនៅតំបន់អូតាលោក រួមមាន៖
ប្រេងឥន្ធនៈ និងស្បៀងអាហារ
គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ
សម្ភារប្រើប្រាស់ចាំបាច់មួយចំនួន
ជាចុងក្រោយ លោកមេបញ្ជាការបានប្រគល់ភារកិច្ចឱ្យកងកម្លាំង បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងមន្ត្រីជំនាញ ដើម្បីគ្រប់គ្រង និងថែរក្សាផ្ទៃដីដែលត្រូវបានកាប់ទន្ទ្រានទាំងនោះឱ្យបានហ្មត់ចត់ រង់ចាំស្ថាប័នមានសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់ចំពោះជនបង្ក៕ដោយ អ៊ួង សុផាត

