(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងតាមដានសុខទុក្ខជនពិការ ចាស់ជរា និងគ្រួសារងាយរងហានិភ័យឱ្យបានជាប់ជាប្រចាំ។ ការណែនាំនេះបានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ដើម្បីចែកជូនដល់ពលរដ្ឋគោលដៅក្នុងឃុំប្រឡាយ កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកអភិបាលស្រុកបានសង្កត់ធ្ងន់ថា អាជ្ញាធរភូមិ-ឃុំ ត្រូវចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់៖
ជនពិការ និងមនុស្សចាស់ជរាគ្មានទីពឹង
គ្រួសារងាយរងហានិភ័យ
គ្រួសារវីរកងទ័ព និងជនភៀសសឹក
លោកបានបញ្ជាក់ថា សកម្មភាពមនុស្សធម៌នេះត្រូវធ្វើឡើង «ឱ្យបានដូចភ្លៀងរលឹម»។ ប្រសិនបើពិនិត្យឃើញថាមានគ្រួសារណាខ្វះខាតស្បៀងអាហារពិតប្រាកដ ត្រូវរាយការណ៍បន្ទាន់មកអាជ្ញាធរស្រុក និងក្រុមការងារ ដើម្បីរៀបចំផ្គត់ផ្គង់ឱ្យបានទាន់ពេលវេលា និងអស់ពីលទ្ធភាព។
ជាមួយគ្នានេះ លោក សាយ គឹមឡម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ថោ ជេដ្ឋា ដែលតែងតែយកចិត្តទុកដាក់លើការកសាងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្ត្រក្នុងស្រុកស្ទោង។ លើសពីនេះ ឯកឧត្តមតែងតែចូលរួមយ៉ាងសកម្មក្នុងការជួយឧបត្ថម្ភស្បៀងអាហារ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ ក៏ដូចជាជនភៀសសឹកដែលបានមកដល់មូលដ្ឋានស្រុកស្ទោងនាពេលកន្លងមក។
សូមបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលនេះ មានគ្រួសារងាយរងហានិភ័យ និងចាស់ជរាចំនួន ១០គ្រួសារ រួមទាំងជនពិការចំនួន ៥គ្រួសារ ដែលទទួលបានអំណោយ រួមមាន៖
អង្ករ ១បេ និងមី ១កេស
ទឹកស៊ីអ៊ីវ ១យួរ
សម្លៀកបំពាក់ និងថវិកាមួយចំនួន។ដោយ អ៊ួង សុផាត

