​គ្រួសារអតីតយុទ្ធជនពលីនៅក្រុងស្ទឹងសែន ទទួលបានផ្ទះថ្មីដ៏ស្រស់ស្អាត ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

​(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ចុះប្រគល់ផ្ទះថ្មីមួយខ្នងជូនគ្រួសារអតីតយុទ្ធជនពលី ដែលមានជីវភាពខ្វះខាត និងខ្វះជម្រកស្នាក់នៅសមរម្យ ស្ថិតក្នុងភូមិអូរកន្ធរត្បូង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

​ម្ចាស់ផ្ទះដែលទទួលបានអំណោយដ៏សប្បុរសនេះគឺ លោកស្រី ឱក ឡាត់ អាយុ ៧៨ឆ្នាំ។ លោកស្រីបានរៀបរាប់ទាំងក្តីរំភើបថា កូនប្រុសរបស់គាត់ឈ្មោះ ឡាន ដៀប គឺជាអតីតមន្ត្រីនគរបាល A3 ដែលបានពលីជីវិតក្នុងសមរភូមិស្រុកស្ទោង កាលពីឆ្នាំ១៩៩២។ បច្ចុប្បន្ន លោកស្រីត្រូវរ៉ាប់រងចិញ្ចឹមកូន និងចៅសរុបចំនួន ៥នាក់ ក្នុងបន្ទុក ដោយរស់នៅក្នុងខ្ទមចាស់ទ្រុឌទ្រោម និងតូចចង្អៀតជាខ្លាំង។
​ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ពីលក្ខណៈបច្ចេកទេសនៃផ្ទះដែលទើបសាងសង់រួចនេះថា៖
​ទំហំផ្ទះ៖ ៥ម៉ែត្រ គុណ ៧ម៉ែត្រ។
​គ្រោងសាងសង់៖ សសរបេតុង ឆ្អឹងដែក ជញ្ជាំងស្មាតប៊ត និងរនាបក្រាលក្តារ។
​ដំបូល៖ ប្រក់ស័ង្កសីកិនភ្លី។
​ មានតសំយ៉ាបផ្ទះបាយខាងក្រោយប្រវែង ៣ម៉ែត្រ និងមានបង្គន់អនាម័យត្រឹមត្រូវ។
​លោកមេបញ្ជាការបានបន្ថែមថា គិតមកដល់ពេលនេះ ក្នុងក្រុងស្ទឹងសែនសម្រេចសាងសង់បានចំនួន ២៩ខ្នងរួចរាល់ហើយ និងកំពុងបន្តសាងសង់ជាច្រើនខ្នងទៀត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម។

​ក្រៅពីការប្រគល់ផ្ទះ ក្រុមការងារក៏បាននាំយកនូវអំណោយបន្ថែមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមមាន៖
​គ្រឿងឧបភោគបរិភោគ និងស្បៀងអាហារ។
​សម្ភារប្រើប្រាស់ក្នុងផ្ទះ (មុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង)។
​ថវិកាមួយចំនួនសម្រាប់ដោះស្រាយជីវភាព។
​មានមតិថ្លែងអំណរគុណ នាឱកាសនោះ លោកស្រី ឱក ឡាត់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់អតីតយុទ្ធជន និងគ្រួសារជនពលី ដែលបានលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិ៕ដោយ អ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *