(កំពង់ឆ្នាំង)៖ នៅរសៀលថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រួមជាមួយមេបញ្ជាការរង និងក្រុមការងារមនុស្សធម៌របស់អង្គភាព ដោយមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅសួរសុខទុក្ខ និងឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គីភ័យឆេះផ្ទះអស់ទាំងស្រុង។
សេចក្តីរាយការណ៍អំពីករណីគ្រោះអគ្គីភ័យ
ហេតុការណ៍អគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង ២២:៤៥ នាទី យប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិពារាំង ឃុំចោលម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ស៊ុំ យាង ភេទស្រី អាយុ ៦៣ ឆ្នាំ (ស្ត្រីមេម៉ាយ)។ ការខូចខាតរួមមាន៖
ផ្ទះឈើ ១ ខ្នង (ទំហំ ៦ម៉ែត្រ x ៨ម៉ែត្រ) ប្រក់ស័ង្កសី ជញ្ជាំងក្តារ។
ស្រូវ ៣ តោន និងអង្ករ ៦ ការ៉ុង។
រួមទាំងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ។
ដើម្បីសម្រាលទុក្ខលំបាកចំពោះមុខ លោកមេបញ្ជាការបានពាំនាំនូវសម្ភារៈ និងថវិកាដែលជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវ រួមមាន៖
គ្រឿងឧបភោគបរិភោគ៖ អង្ករ ៥០ គីឡូក្រាម, មី ១ កេស, ត្រីខ ១ យួរ, ទឹកត្រី ១ យួរ, ទឹកស៊ីអ៊ីវ ១ យួរ និងមុង ១។
សម្ភារៈសំណង់៖ ស័ង្កសី ៥០ សន្លឹក និងស៊ីម៉ង់ត៍ ៤ បេ។
ថវិកា៖ ទទួលបានការឧបត្ថម្ភថវិកាមួយចំនួនបន្ថែមទៀត។
ក្នុងឱកាសនោះ ស្រ្តីរងគ្រោះបានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចធិបតី និងលោកជំទាវ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបការលំបាក និងគ្រោះមហន្តរាយផ្សេងៗនៅគ្រប់ទីកន្លែង ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់រងគ្រោះដោយមិនមានការជួយជ្រោមជ្រែងនោះឡើយ។
ជាទីបញ្ចប់ គ្រួសាររងគ្រោះបានគោរពជូនពរដល់ សម្តេច និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ អ៊ួង សុផាត

