ដោយ : ភ្នំធំ / ភ្នំពេញ :ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្យកម្ពុជា ទ្រង់បានសព្វព្រះរាជហឫទ័យយាងសួរសុខទុក្ខវីរកងទ័ពសមរភូមិជួរមុខដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា នាព្រឹកថ្ងៃទី១០ ខែមករា កន្លងមកនេះ។
យោយោងទំព័រហ្វេសប៊ុកសម្តេចពិជ័យសេនាទៀ បាញ់ ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ បានឃើញព្រះករុណាមានព្រះភ័ក្ត្រនិងហរទ័យស្រងូតស្រងាត់ រំលែកការឈឺចាប់និងប្រទានពរអោយឆាប់ជាសះស្បើយ ហើយកោតសរសើរវីរ:កងទ័ពដែលធ្វើពលិកម្មដើម្បីការពារបូរណភាពទឹកដី ។
សូមរំលឹកថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានលោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក ដឹកនាំវីរកងទ័ពទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញ ប្រកបដោយសុខសុវត្ថិភាពខ្ពស់ ក្រោយពីស្ថិតក្នុងការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល ១៥៥ថ្ងៃ ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះបរមរាជវាំង វេលាព្រឹក ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦។
នៅក្នុងឱកាសនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរសព្វព្រះរាជហឬទ័យកោតសរសើរចំពោះសេចក្តីក្លាហានរបស់អស់លោក ដែលបានបំពេញភារកិច្ចការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទៅតាមតួនាទីដ៏ថ្លៃថ្លាបំផុត បានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា តាមតួនាទីជា កងទ័ពអង់អាចក្លាហាននៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាស ព្រះអង្គទាំងទ្វេសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជអំណោយដល់វីរកងទ័ពទាំង១៨រូប ដោយក្នុងម្នាក់ៗ ទទួលបាន ឃីតចំនួន ១កញ្ចប់ ក្នុងនោះមាន មុង ១ ភួយ ១ ក្រមា ១ សារុង ១ និងអាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងថវិកាចំនួន ២០ ០០០ ០០០រៀល (ម្ភៃលានរៀល)។
បន្ថែមពីនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យដល់វីរកងទ័ពចំនួន១នាក់ ដែលនឹងត្រូវរៀបអាពាហ៍ពិពាហ៍នាពេលខាងមុខ ទទួលបានថវិកាបន្ថែមចំនួន ២០ ០០០ ០០០រៀល (ម្ភៃលានរៀល) និងវីរកងទ័ពចំនួន ២រូប ដែលភរិយាពពោះនឹងត្រូវសម្រាលបុត្រក្នុងពេលខាងមុខ ដោយក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ៥ ០០០ ០០០រៀល (ប្រាំលានរៀល) បន្ថែមទៀត៕

