កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយសារពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឱកាសខួបលើកទី៤៧ នៃទិវាជ័យជំនះ (៧ មករា ១៩៧៩ – ៧ មករា ២០២៦)។ ពិធីនេះត្រូវបានរៀបចំឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់លែង ដោយមានការចូលរួមពីក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ និងសមាជិកបក្សសរុបប្រមាណជាង ២០០រូប។
ក្នុងឱកាសនោះ លោក សាន់ យូ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលរងខេត្ត បានអានសារពិសេសរបស់សម្តេចតេជោ ដែលបានរំលឹកពីការលះបង់ដើម្បីរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍។ សារនោះបានសង្កត់ធ្ងន់ថា ថ្ងៃជ័យជំនះ ៧ មករា គឺជា «ថ្ងៃកំណើតទី២» ដែលផ្តល់សេរីភាព និងឱកាសនៃការអភិវឌ្ឍគ្រប់វិស័យមកទល់បច្ចុប្បន្ន។ ការរំលឹកវិញ្ញាណក្ខន្ធ និងគុណូបការៈនៃថ្ងៃនេះ គឺដើម្បីដាស់តឿនយុវជនជំនាន់ក្រោយឱ្យយល់ច្បាស់ពីតម្លៃនៃសន្តិភាព និងរួមគ្នាការពារមិនឱ្យសោកនាដកម្មអតីតកាលវិលត្រឡប់មកវិញ។
ទន្ទឹមនឹងការអបអរសាទរទិវាប្រវត្តិសាស្ត្រនេះ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ ក៏បានដាក់ចេញនូវការណែនាំសំខាន់ៗដល់អាជ្ញាធរមូលដ្ឋាន រួមមាន៖
ការទប់ស្កាត់សំណង់លើដីចំណីផ្លូវ៖ ណែនាំឱ្យអាជ្ញាធរភូមិ-ឃុំ បន្តផ្សព្វផ្សាយ និងហាមឃាត់ការសាងសង់រំលោភលើដីចំណីផ្លូវ ទោះបីជាដីនោះត្រូវបានវាស់វែងរួចរាល់តែកំពុងរង់ចាំប័ណ្ណកម្មសិទ្ធិក៏ដោយ។ ការណ៍នេះដើម្បីជៀសវាងការខាតបង់ទ្រព្យសម្បត្តិពលរដ្ឋ និងកុំឱ្យរាំងស្ទះដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនាពេលអនាគត។
ការផ្អាកផ្តល់ច្បាប់សាងសង់បណ្តោះអាសន្ន៖ មន្ទីរជំនាញ និងអាជ្ញាធរត្រូវផ្អាកការចុះហត្ថលេខាលើសំណើសាងសង់សំណង់រឹងដែលប៉ះពាល់ដល់ចំណីផ្លូវ ដើម្បីងាយស្រួលគ្រប់គ្រងនៅពេលក្រសួងសម្រេចជាផ្លូវការ។
ការដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋ៖ ឯកឧត្តមបានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន លើកយកបញ្ហាកង្វល់ពិតប្រាកដរបស់ពលរដ្ឋមកពិភាក្សា រួមមាន សំណើសុំផ្លូវ ភ្លើងអគ្គិសនី ទឹកស្អាត ការពន្លឿនចេញប័ណ្ណកម្មសិទ្ធិ និងបញ្ហាដីធ្លីតំបន់បរិស្ថាន។
ជាកិច្ចឆ្លើយតប ឯកឧត្តមអភិបាលខេត្តបានទទួលយកសំណើ និងសំណូមពរទាំងអស់ ដើម្បីចាត់ក្រុមការងារចុះពិនិត្យ និងធ្វើបច្ចុប្បន្នភាព ដោះស្រាយជូនអាជ្ញាធរ និងប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពបំផុត៕ដោយ អ៊ួង សុផាត

