ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង


​(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង។
​ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការដឹកនាំកសាងសមិទ្ធផលនានា និងបម្រើប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងឱ្យមានការរីកចម្រើនជាលំដាប់។
​ពាក់ព័ន្ធនឹងស្ថានភាពចំពោះមុខ ឯកឧត្តមប្រធានក្រុមការងារបានសង្កត់ធ្ងន់លើចំណុចសំខាន់ៗមួយចំនួនរួមមាន៖
​ការដឹងគុណចំពោះវីរកងទ័ព៖ ថ្លែងអំណរគុណដល់ក្រុមការងារដែលបានយកចិត្តទុកដាក់រៀបចំបុណ្យសពជូនវីរកងទ័ពដែលបានពលីជីវិតដើម្បីបុព្វហេតុការពារជាតិមាតុភូមិនៅសមរភូមិមុខ។
​ការជួយសង្គ្រោះជនភៀសសឹក៖ កោតសរសើរដល់ការទទួលស្នាក់នៅ និងផ្ដល់ស្បៀងអាហារដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកពីតំបន់សង្គ្រាមមកកាន់ទីសុវត្ថិភាព។
​ការការពារបូរណភាពទឹកដី៖ ឯកឧត្តមបានលើកឡើងពីសកម្មភាពរំលោភបំពានព្រំដែនពីសំណាក់ភាគីថៃ ដែលបានបង្កសង្គ្រាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងសម្បត្តិវប្បធម៌ជាតិ ដូចជាប្រាសាទព្រះវិហារ និងប្រាសាទតាក្របីជាដើម។
​ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំខេត្ត និងក្រុមការងារទាំងអស់ ត្រូវបន្តផ្សព្វផ្សាយខ្លឹមសារសាររបស់សម្តេចតេជោប្រធានគណបក្សឱ្យបានដល់មូលដ្ឋាន ព្រមទាំងត្រូវត្រៀមលក្ខណៈដោះស្រាយរាល់ផលលំបាករបស់ពលរដ្ឋដែលបង្កឡើងដោយសង្គ្រាម និងមានវិធានការឆ្លើយតបឱ្យទាន់ពេលវេលាចំពោះសង្គ្រាមចិត្តសាស្ត្រតាមបណ្តាញសង្គម។
​ជាកិច្ចបន្ទាប់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ឆ្នាំង បានរាយការណ៍ពីសកម្មភាពមនុស្សធម៌នាពេលកន្លងមក ដោយក្នុងនោះខេត្តកំពង់ឆ្នាំងបានទទួលស្នាក់នៅនូវជនភៀសសឹកចំនួន ៧,២៤៩នាក់ (ស្មើនឹង ២,២០៦គ្រួសារ) ដែលមកពីបណ្តាខេត្តតាមបន្ទាត់ព្រំដែន។ គណបក្សខេត្តក៏បាននាំយកអំណោយសប្បុរសជនទៅចែកជូនដល់កងទ័ព និងពលរដ្ឋនៅខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យផងដែរ។
​ជាទិសដៅបន្ត ឯកឧត្តមប្រធានគណបក្សខេត្ត បានជំរុញឱ្យគ្រប់ផ្នែកពាក់ព័ន្ធ ត្រូវបន្តពិនិត្យទីតាំងស្នាក់នៅ ត្រៀមស្បៀងអាហារ និងថវិកា ដើម្បីចុះសួរសុខទុក្ខជនភៀសសឹក និងគ្រួសារកងទ័ពឱ្យបានដិតដល់ ជាពិសេសចំពោះគ្រួសារកងទ័ពដែលមានផ្ទៃពោះ និងមានជីវភាពខ្វះខាតខ្លាំង៕ដោយ អ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *