សម្តេចសង្ឃនាយកគណ:មហានិកាយនៃកម្ពុជាសួរសុខទុក្ខនិងប្រគេនទេយ្យទានដល់ព្រះសង្ឃភៀសសឹកចំនួន១ ៤០០អង្គ នៅ ខេត្តបន្ទាយមានជ័យ

ដោយ : ភ្នំធំ / បន្ទាយមានជ័យ:សម្ដេចព្រះមហាសុមេធាធិបតីគតិបណ្ឌិតអំ លីមហេង សម្ដេចព្រះសង្ឃនាយក គណ:មហានិកាយនៃព្រះរាជាណាចក្រកម្ពុជាបាននិមន្តជាព្រះអធិបតីនៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងប្រគេនទេយ្យទានដ៏ថ្លៃថ្លាដល់ព្រះសង្ឃភៀសសឹកចំនួន១ ៤០០អង្គ សម្រាប់ខេត្តបន្ទាយមានជ័យនារសៀលថ្ងៃទី៩ខែមករា ឆ្នាំ២០២៦ កន្លងមកនៅបរិវេណសាលាខេត្ត ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា : ក្នុងអំឡុងពេលនៃសង្គ្រាមថៃឈ្លានពានកម្ពុជារយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលយោធាថៃ បាន រំលោភបំពានមកលើទឹកដី អធិបតេយ្យភាព បូរណភាពនៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តបន្ទាយមានជ័យ។
ក្នុងនោះ មានប្រជាពលរដ្ឋចំនួន៦៤.៨៦៤គ្រួសារ ត្រូវបានជម្លៀសមកកាន់ទីតាំងសុវត្ថិភាពនានាចំនួន១៣២មណ្ឌល នៅតាមបណ្តាក្រុង ស្រុក មួយចំនួនដូចជា៖ ស្រុកមង្គលបូរី ក្រុងសិរីសោភ័ណ ស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក។
និងមានវត្តអារាមចំនួន៧ ដែលទទួលរងផលប៉ះពាល់ រងគ្រោះ រួមមាន៖ ១-វត្តសុវណ្ណសិក្ខារាមព្រៃចាន់ ២-វត្តពុទ្ធិសីមាជោគជ័យ ៣-វត្តហេមវ័នបឹងត្រកួន ៤-វត្តខណ្ឌសីមារាមទំនាប់ដាច់ ៥-វត្តគិរីតេជោសែនជ័យភ្នំដី ៦-វត្តសិលារុក្ខារាម ៧.គិរីវីនារាមល្បើកស្វាយ ។
លោកបន្តថា: ចំពោះព្រះសង្ឃភៀសសឹកពីបណ្តាវត្តនានានៃបណ្តាក្រុងស្រុកដូចជា ១-ស្រុកស្វាយចេកចំនួន២៥វត្ត មានព្រះសង្ឃភៀសសឹកចំនួន២៥៧ អង្គ, ២-ស្រុកថ្មពួកចំនួន២៣វត្ត មានព្រះសង្ឃភៀសសឹកចំនួន២៤៦អង្គ, ៣-ស្រុកម៉ាឡៃចំនួន២២វត្ត មានព្រះសង្ឃ ភៀសសឹកចំនួន១៧១អង្គ, ៤-ក្រុងប៉ោយប៉ែតចំនួន២៣វត្ត មានព្រះសង្ឃភៀសសឹកចំនួន៤២៦អង្គ, ៥-ស្រុកអូរជ្រៅចំនួន ២៥វត្ត មានព្រះសង្ឃភៀសសឹកចំនួន២៧២អង្គ សរុបរួមចំនួន១១៨វត្ត មានព្រះសង្ឃភៀសសឹកចំនួន១.៣៧២អង្គ។

នាឱកាសនោះ សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លឹមហេង មានបន្ទូលថ្លែងអរគុណដល់ដឹកនាំនិងមន្ត្រីអាជ្ញាធរ សមត្ថកិច្ច ប្រជាពលរដ្ឋ ព្រះសង្ឃនៅតាមទីវត្តអារាមដែលបានខ្នះខ្នែងចូលរួមចំណែកជួយផ្តល់ទីកន្លែងទទួលបងប្អូនជនភៀសសឹកមកពីតាមបន្ទាត់ព្រំដែនពិសេសជួយឧបត្ថម្ភដល់កងកម្លាំងនៅសមរភូមិមុខនៅក្នុងខេត្តបន្ទាយមានជ័យ។

បើតាម សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិតអំ លឹមហេង ទោះបីជាប្រទេសជាតិមានការឈ្លានពានពីក្រុមបច្ចាមិត្តយ៉ាងណាក៏ដោយ ព្រះសង្ឃមិនត្រូវចោលការសិក្សា និងការប្រណិប័តន៍សាសនានោះទេ ។
សម្តេចជំរុញដល់ថ្នាក់ដឹកនាំមន្ត្រីសង្ឃ ក៏ដូចជាមន្ទីរធម្មការ សាលាពុទ្ធិកសិក្សា ត្រូវបញ្ជូនព្រះសង្ឃភៀសសឹក ឱ្យបានសិក្សារៀនសូត្រ

ចុងក្រោយ សម្តេចសង្ឃនាយកនិងសម្តេចរាជាគណ: បានប្រទានបច្ច័យនិងសម្ភារ:ដល់ព្រះសង្ឃភៀសសឹកចំនួន១ ៤០០អង្គ ៕

Leave a Reply

Your email address will not be published. Required fields are marked *