ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនជនចាស់ជរា និងប្រជាពលរដ្ឋខ្វះខាត ៥០គ្រួសារ នៅក្រុងស្ទឹងសែន

​(ខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាឧបត្ថម្ភជូនជនចាស់ជរា និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៥០គ្រួសារ ដែលពិធីនេះប្រារព្ធឡើងនៅវត្តទេពនិម្មិត សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន។
​ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាពីសំណាក់ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាលថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ គិតគូរខ្ពស់ពីសុខទុក្ខ សុខភាព និងការរស់នៅរបស់បងប្អូននៅតាមមូលដ្ឋាន។
​លោកស្នងការរង បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិទទួលបានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ដោយឡែកសម្រាប់ខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត សមិទ្ធផលថ្មីៗជាច្រើនទាំងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ត្រូវបានសម្រេចជាបន្តបន្ទាប់គួរជាទីមោទនៈ។
​ពាក់ព័ន្ធនឹងសភាពការណ៍ថ្មីៗ លោកឧត្តមសេនីយ៍ត្រី ក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីបញ្ហាជម្លោះព្រំដែន និងបានអំពាវនាវដល់បងប្អូនទាំងអស់៖
​ត្រូវជឿជាក់ លើការដោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារបូរណភាពទឹកដី។
​បន្តចូលរួម អនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួន។
​ប្រឆាំងដាច់ខាត រាល់ព័ត៌មានមិនពិត (Fake News) ដែលបង្កើតឡើងដោយក្រុមអគតិក្នុងចេតនាបង្កចលាចល និងបំផ្លាញសេចក្តីសុខសាន្តរបស់សង្គមជាតិ។
​អំណោយដែលបានចែកជូនដល់គ្រួសារទាំង ៥០ នាពេលនោះ ក្នុងម្នាក់ៗទទួលបាន៖
១. អង្ករ ២៥ គីឡូក្រាម
២. មីខ្លាឃ្មុំ ០១ កេស
៣. ទឹកបរិសុទ្ធ ០១ កេស
៤. ឃីត (សម្ភារប្រើប្រាស់) ០១ កញ្ចប់
៥. ថវិកា ៥០,០០០ រៀល។
បន្ថែមពីនេះ លោកស្នងការរងក៏បានឧបត្ថម្ភថវិកាចំនួន ៤០០,០០០ រៀល ជូនដល់លោកចៅសង្កាត់ មេភូមិ និងកម្លាំងប្រជាការពារផងដែរ។
​ជាកិច្ចឆ្លើយតប លោក ទេព សោភ័ណ្ឌ អភិបាលរងក្រុងស្ទឹងសែន តំណាងឱ្យប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងសប្បុរសជន ដែលបានផ្តល់អំណោយដ៏ថ្លៃថ្លានាពេលនេះ ដើម្បីជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ និងបានប្រសិទ្ធពរជ័យជូនដល់ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ចបម្រើជាតិ និងប្រជាជន៕ដោយ អ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *