លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ចុះសួរសុខទុក្ខ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសពដែលលិចទូកស្លាប់ ៣នាក់ នៅខេត្តកំពង់ឆ្នាំង

​(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក រួមជាមួយសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនប្អូនប្រុស វីន លីដា និងប្អូនស្រី វីន នីតា ដែលត្រូវជាកូននៃគ្រួសារសពដែលបានជួបគ្រោះថ្នាក់លិចទូកស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។
​យោងតាមការបញ្ជាក់ពីលោកអភិបាលស្រុក ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ១៨:៣០នាទី ល្ងាចថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦។ ជនរងគ្រោះទាំង ៣នាក់ (ឪពុក ម្តាយ និងកូនស្រីតូច) បានជួបគ្រោះថ្នាក់លិចទូក ខណៈពេលទៅនេសាទត្រីនៅចំណុចតំបន់ទំនាបក្រោម ភូមិក្បាលក្រឡ ឃុំពាមឆ្កោក ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង។
១. ឈ្មោះ វិន ថា ភេទប្រុស អាយុ៤០ឆ្នាំ (ឪពុក)
២. ឈ្មោះ ជិន ស្រីទី ភេទស្រី អាយុ៣៦ឆ្នាំ (ម្តាយ)
៣. ឈ្មោះ វិន ចាន់ឌិន ភេទស្រី អាយុ៤ឆ្នាំ (កូនស្រី)
​បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារយកមកតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅលំនៅឋាន ស្ថិតក្នុងភូមិថ្នល់កែង ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ។
​ក្នុងឱកាសដ៏សោកសៅនេះ អនុសាខាកាកបាទក្រហមស្រុក និងរដ្ឋបាលស្រុកតាំងគោក បាននាំយកសម្ភារ និងថវិកាឧបត្ថម្ភដល់កុមារកំព្រាទាំង ២នាក់ រួមមាន៖
​អនុសាខាកាកបាទក្រហមស្រុក៖ អង្ករ ៥០គីឡូក្រាម, ទឹកត្រី ២យួរ, ទឹកស៊ីអ៉ីវ ២យួរ, ទឹកបរិសុទ្ធវីតាល់ ២កេស, សៀង ២យួរ និងថវិកា ៥០០,០០០រៀល។ (បន្ថែមពីនេះ អនុសាខានឹងផ្តល់កង់ ១គ្រឿង ជូនប្អូនស្រី វីន នីតា សម្រាប់ជួយសម្រួលដល់ការសិក្សា)។
​រដ្ឋបាលស្រុកតាំងគោក៖ អង្ករ ១៥០គីឡូក្រាម, ទឹកត្រី ៣យួរ, ទឹកស៊ីអ៉ីវ ៣យួរ, ទឹកបរិសុទ្ធ ១០០យួរ, សៀង ៣យួរ និងថវិកា ១,០០០,០០០រៀល។
​រដ្ឋបាលឃុំពង្រ និងយុវជនឃុំ៖ ឧបត្ថម្ភថវិកាសរុបចំនួន ៣០០,០០០រៀល។
​លោកអភិបាលស្រុក ក៏បានសម្តែងនូវការសោកស្តាយជាពន់ពេក និងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយប្អូនៗទាំងពីរ ដែលបានបាត់បង់អ្នកមានគុណទាំងទ្វេក្នុងពេលតែមួយ និងបានជូនពរដល់វិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានទៅ ឱ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ដោយ អ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *