​រដ្ឋបាលខេត្តកំពង់ធំ និងក្រុមហ៊ុន Royal Group Phnom Penh SEZ ចុះ MOU សិក្សាបង្កើតសួនកសិ-ឧស្សាហកម្មលើផ្ទៃដី ៣០០ហិកតា ដើម្បីលើកកម្ពស់ការកែច្នៃកសិផល


​(កំពង់ធំ)៖ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ធំ បានចុះអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបភ្នំពេញ អេសអ៉ីហ្សិត ម.ក. (Royal Group Phnom Penh SEZ Plc.) ដើម្បីសិក្សាសមិទ្ធិលទ្ធភាពក្នុងការបង្កើត «សួនកសិ-ឧស្សាហកម្ម» លើផ្ទៃដីប្រមាណ ៣០០ហិកតា ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
​គម្រោងនេះមានគោលបំណងសំខាន់ក្នុងការជំរុញការកែច្នៃកសិផលនានាឱ្យមានតម្លៃបន្ថែមខ្ពស់ មុននឹងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
​ចំណុចសំខាន់ៗនៃកិច្ចពិភាក្សា៖
​ចក្ខុវិស័យរបស់រដ្ឋបាលខេត្ត៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា គម្រោងសួនកសិ-ឧស្សាហកម្មនេះ នឹងផ្តោតលើការកែច្នៃកសិផលចម្រុះ (ក្រៅពីគ្រាប់ស្វាយចន្ទី)។ នេះគឺជាគម្រោងយុទ្ធសាស្ត្រដែលដើរទន្ទឹមនឹងគម្រោងសួនឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទី ដែលសុទ្ធសឹងជាការផ្តួចផ្តើម និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងជីវភាពប្រជាពលរដ្ឋ។
​ការប្តេជ្ញាចិត្តពីវិស័យឯកជន៖ លោក UEMATSU Hiroshi នាយកប្រតិបត្តិក្រុមហ៊ុន Royal Group Phnom Penh SEZ បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះសក្តានុពលរបស់ខេត្តកំពង់ធំ។ លោកបានថ្លែងថា ក្រុមហ៊ុនមានបំណងចូលរួមចំណែកធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗសម្រាប់ខេត្តតាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មទំនើប។
​ផលប្រយោជន៍សេដ្ឋកិច្ច៖ ឯកឧត្តម ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានលើកឡើងថា ការបង្កើតសួនកសិ-ឧស្សាហកម្មនេះ គឺជាជម្រើសដ៏ឆ្លាតវៃក្នុងការកសាងគ្រឹះសេដ្ឋកិច្ចខេត្តឱ្យរឹងមាំ និងយូរអង្វែង។ វាជួយកាត់បន្ថយការនាំចេញកសិផលដើម (វត្ថុធាតុដើម) ទៅប្រទេសជិតខាងក្នុងតម្លៃថោក ហើយប្រែមកជាការកែច្នៃក្នុងស្រុកដើម្បីបង្កើតការងារ និងបង្កើនតម្លៃបន្ថែម (Value-added)។
​តាមរយៈកិច្ចសហប្រតិបត្តិការនេះ ខេត្តកំពង់ធំរំពឹងថានឹងក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងការកែច្នៃកសិផល ដែលមិនត្រឹមតែជួយដល់កសិករក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញវិនិយោគិនអន្តរជាតិឱ្យមកបណ្តាក់ទុនកាន់តែច្រើននៅក្នុងខេត្តផងដែរ៕ដោយ អ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *