ឯកឧត្តម ឃឹង នុភាព អញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចប្រធានរដ្ឋសភា ចែកជូនគ្រួសារកងទ័ពជួរមុខ និងគ្រួសារភៀសសឹក ៣០គ្រួសារ នៅស្រុកប្រាសាទសំបូរ

​(កំពង់ធំ)៖ នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឃឹង នុភាព តំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំគោល បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាជាតិ ចែកជូនដល់គ្រួសារកងទ័ពជួរមុខ និងគ្រួសារភៀសសឹកចំនួន ៣០គ្រួសារ ស្ថិតនៅក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
​ក្នុងឱកាសនោះ ឯកឧត្តម ឃឹង នុភាព បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកបំផុតពីសំណាក់ សម្ដេចមហារដ្ឋសភាធិបតី ឃួន សុដារី ជូនដល់បងប្អូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ពទាំងអស់។ ឯកឧត្តមបានបញ្ជាក់ថា សម្តេចប្រធានរដ្ឋសភា តែងតែយកចិត្តទុកដាក់ខ្ពស់ និងណែនាំឱ្យក្រុមការងារចុះជាប់មូលដ្ឋាន ដើម្បីជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋឱ្យទាន់ពេលវេលា ជាពិសេសយោធិនរបួស ពិការ គ្រួសារកងទ័ពជួរមុខ និងគ្រួសារភៀសសឹក។
​ជាមួយគ្នានេះ ឯកឧត្តមតំណាងរាស្ត្រ ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់យុទ្ធជនជួរមុខ ដែលបានលះបង់ក្តីសុខផ្ទាល់ខ្លួន ដើម្បីបំពេញបេសកកម្មការពារបូរណភាពទឹកដី និងថែរក្សាសុខសន្តិភាពជូនជាតិមាតុភូមិ។
​អំណោយដែលបានចែកជូននាពេលនោះ រួមមាន៖
​ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៥គីឡូក្រាម, ភួយ ១, កន្សែង ១, គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ជាច្រើនមុខទៀត (ដូចជា សាប៊ូ, ថ្នាំដុសធ្មេញ, សាច់ក្រក, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ…) ព្រមទាំងថវិកាចំនួន ៥០,០០០ រៀល។
​ថវិកាឧបត្ថម្ភបន្ថែម៖ ក្នុងនោះក៏មានថវិការបស់សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ចំនួន ១,៥០០,០០០ រៀល និងថវិកាផ្ទាល់របស់ ឯកឧត្តម ឃឹង នុភាព ចំនួន ២,០០០,០០០ រៀល សរុបថវិកាទាំងអស់មានចំនួន ៣,៥០០,០០០ រៀល សម្រាប់ជួយសម្រួលដល់ជីវភាពគ្រួសារកងទ័ពនាពេលនេះ៕ដោយ អ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *