(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក រួមជាមួយព្រះគ្រូ តុន ពិសី ព្រះចៅអធិការវត្តគុហនគរ និងអាជ្ញាធរឃុំ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនលោកតា លោកយាយ ចាស់ជរាចំនួន ៤០គ្រួសារ នៅក្នុងឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកអភិបាលស្រុក បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលជានិច្ចកាល សម្តេច និងថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ជាមួយគ្នានេះ លោក ហាក់ ម៉ុងហួត ក៏បានថ្លែងអំណរគុណដល់ព្រះចៅអធិការវត្តគុហនគរ ដែលតែងតែសហការជាមួយរដ្ឋបាលស្រុក និងឃុំ ក្នុងសកម្មភាពមនុស្សធម៌ ពិសេសការជួយជ្រោមជ្រែងដល់គ្រួសារកងទ័ព និងការចូលរួមអភិវឌ្ឍន៍សង្គមជាតិជាមួយរាជរដ្ឋាភិបាល។
ដោយសារស្ថិតក្នុងរដូវធ្លាក់ខ្យល់ត្រជាក់ លោកអភិបាលស្រុក បានផ្តាំផ្ញើដល់លោកតា លោកយាយ និងប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ៖
ត្រូវស្លៀកសម្លៀកបំពាក់ឱ្យបានក្រាស់ៗ និងដណ្តប់ភួយឱ្យបានកក់ក្តៅ។
តាមដានសុខភាពជាប្រចាំនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។
ក្រើនរំលឹកដល់អាជ្ញាធរភូមិ-ឃុំ ត្រូវចុះសួរសុខទុក្ខប្រជាពលរដ្ឋជាប្រចាំ ដើម្បីដឹងពីបញ្ហាប្រឈម និងរាយការណ៍មកថ្នាក់លើ ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា អំណោយដែលបានចែកជូនគ្រួសារចាស់ជរាទាំង ៤០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, ត្រីខ, សារ៉ុង និងថវិកាមួយចំនួនទៀតផងដែរ។ដោយ អ៊ួង សុផាត

