លោកឧត្តមសេនីយ៍ទោ ហេង សុផល ចាត់តំណាងចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនជនភៀសសឹក និងពលរដ្ឋខ្វះខាត ៥០គ្រួសារ នៅស្រុកស្ទោង

​(កំពង់ធំ)៖ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ម៉ង់ វិទូ ស្នងការរងនគរបាលខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខ ព្រមទាំងនាំយកស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភជូនបងប្អូនជនភៀសសឹក និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៥០គ្រួសារ ស្ថិតនៅវត្តខ្មាក់ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ។
​ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ម៉ង់ វិទូ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្ដីនឹករលឹកពីសំណាក់ លោកស្នងការខេត្ត ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលថ្នាក់ដឹកនាំតែងតែគិតគូរពីសុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។
​លោកស្នងការរង បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសជាតិយើងទទួលបានសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ទោះបីជាកន្លងមក មានការរំលោភបំពានលើបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែន បង្កឱ្យមានការភៀសខ្លួនពីភ្លើងសង្គ្រាមយ៉ាងណាក្តី ក៏រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកំពង់ធំ ដែលមាន ឯកឧត្តម នួន ផារ័ត្ន ជាអភិបាលខេត្ត តែងតែយកចិត្តទុកដាក់គៀងគរសប្បុរសជន ដើម្បីជួយសម្រាលការលំបាកជូនបងប្អូនជាបន្តបន្ទាប់។
​ជាមួយគ្នានេះ លោកវរសេនីយ៍ឯក ម៉ង់ វិទូ ក៏បានពាំនាំនូវសារអប់រំ និងការផ្ដាំផ្ញើចំនួន ៦ចំណុចសំខាន់ៗដល់បងប្អូនប្រជាពលរដ្ឋ រួមមាន៖
​រក្សាភាពស្ងប់ស្ងាត់ និងជឿជាក់៖ ទុកចិត្តលើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាលតាមផ្លូវច្បាប់ និងសន្តិវិធី។
​គាំទ្រកងទ័ព៖ បន្តផ្តល់កម្លាំងចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះវីរកងទ័ពដែលកំពុងការពារបូរណភាពទឹកដី។
​ស្រឡាញ់សន្តិភាព៖ រួមគ្នាថែរក្សាសន្តិភាពដែលជាគ្រឹះនៃការអភិវឌ្ឍ។
​គោរពច្បាប់៖ ចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីសណ្តាប់ធ្នាប់សង្គម។
​ថែទាំសុខភាព៖ រស់នៅមានអនាម័យ ដើម្បីជៀសផុតពីជំងឺដង្កាត់ផ្សេងៗ។
​ខិតខំដាំដុះ និងចិញ្ចឹមសត្វបន្ថែម ដើម្បី ជីវភាពគ្រួសារឱ្យកាន់តែប្រសើរ។
​ជាកិច្ចចុងក្រោយ លោកស្នងការរង បានប្រគល់អំណោយសប្បុរសធម៌ជូនដល់គ្រួសារនីមួយៗ រួមមាន៖
​អង្ករ ២៥ គីឡូក្រាម
​មីជាតិ ០១ កេស
​ទឹកបរិសុទ្ធ ០១ កេស
​ទឹកត្រី ០១ យួរ
​ឃីត (សម្ភារៈប្រើប្រាស់) ០១ កញ្ចប់
​ថវិកាចំនួន ៥០,០០០ រៀល។
​គួរបញ្ជាក់ថា សកម្មភាពមនុស្សធម៌នេះ បានស្តែងឱ្យឃើញពីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់របស់កងកម្លាំងនគរបាលជាតិ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕ដោយ អ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *