​កាកបាទក្រហមខេត្តកំពង់ធំ នាំយកអំណោយសួរសុខទុក្ខវីរកងទ័ពជួរមុខកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត


​(កំពង់ធំ)៖ នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ តំណាងឱ្យ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខា អមដំណើរដោយលោក កែវ ផល នាយកសាខា និងមន្ត្រីក្រុមប្រតិបត្តិ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់វីរកងទ័ពជួរមុខចំនួន ១៤នាក់ ដែលទើបបញ្ជូនមកសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។
​ក្នុងឱកាសនោះ លោកជំទាវ លំ គន្ធារី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនយុទ្ធជន ដែលបានលះបង់ក្តីសុខផ្ទាល់ខ្លួន ឃ្លាតឆ្ងាយពីក្រុមគ្រួសារ ដើម្បីបំពេញបេសកកម្មការពារបូរណភាពទឹកដី ប្រឆាំងនឹងការឈ្លានពាននៅតាមបន្ទាត់ព្រំដែន រហូតរងរបួសក្នុងបុព្វហេតុជាតិមាតុភូមិ។
​ទន្ទឹមនឹងនេះ លោកជំទាវបានពាំនាំនូវបណ្តាំសាកសួរសុខទុក្ខដោយក្តីនឹករលឹកបំផុតពីសំណាក់ ឯកឧត្តម នួន ផារ័ត្ន និងជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ និងណែនាំដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ឱ្យចុះជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះឱ្យទាន់ពេលវេលា ដោយផ្ដោតអាទិភាពខ្ពស់លើបងប្អូនយោធិនរបួស ពិការ គ្រួសារកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក។
​លោកជំទាវអនុប្រធានអចិន្ត្រៃយ៍ ក៏បានដាស់តឿនដល់បងប្អូនវីរយុទ្ធជនទាំងអស់ ឱ្យខិតខំថែទាំសុខភាព និងអនុវត្តតាមវេជ្ជបញ្ជារបស់គ្រូពេទ្យឱ្យបានខ្ជាប់ខ្ជួន ដើម្បីឱ្យឆាប់បានសះស្បើយពីរបួស និងអាចវិលត្រឡប់ទៅបំពេញបេសកកម្មនៅអង្គភាពវិញក្នុងពេលឆាប់ៗ។
​ជាកិច្ចលើកទឹកចិត្ត ក្នុងឱកាសសួរសុខទុក្ខនោះ សាខាកាកបាទក្រហមខេត្តបានឧបត្ថម្ភថវិកាជូនដល់វីរកងទ័ពទាំង ១៤នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០ម៉ឺនរៀល ផងដែរ។
​ដោយ អ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *