ឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមានដកចេញពីជួរ និងចាត់វិធានការច្បាប់ចំពោះកងកម្លាំងណាដែល “ហ៊ានគប់គិត” ជាមួយជនល្មើសបំផ្លាញធនធានធម្មជាតិ

​(ខេត្តកំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងចម្រុះ ត្រូវអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ដោយព្រមានដាក់ពិន័យ និងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលណាដែលធ្វេសប្រហែស ឬមានការគប់គិតជាមួយជនល្មើស។
​ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកបានចុះសំណេះសំណាល ផ្តល់ភារកិច្ច និងឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ព្រមទាំងប្រេងឥន្ធនៈ ជូនដល់កងកម្លាំងចម្រុះប្រចាំការនៅទីបញ្ជាការស្រាលទាំង ៧ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ និងស្រុកសន្ទុក កាលពីព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦។

​លោកមេបញ្ជាការបានវាយតម្លៃខ្ពស់ និងថ្លែងការកោតសរសើរចំពោះកងកម្លាំងទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងបេសកកម្មការពារព្រៃឈើនាពេលកន្លងមក ដែលសម្រេចបានលទ្ធផលគួរឱ្យមោទនៈ រួមមាន៖
​ទប់ស្កាត់បានជោគជ័យ៖ មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីរដ្ឋធ្វើជាកម្មសិទ្ធិបន្ថែម។
​ដកហូតដីរដ្ឋ៖ បានបង្ក្រាប និងដកហូតដីព្រៃដែលរងការកាប់ទន្ទ្រានខុសច្បាប់បានប្រមាណជាង ៤,០០០ហិកតា មកទុកជាសម្បត្តិរដ្ឋវិញ។
​ដាក់ចេញទិសដៅបន្ត និងការព្រមានធ្ងន់ៗ
​ទន្ទឹមនឹងការសរសើរ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានដាក់ចេញនូវភារកិច្ចចំពោះមុខយ៉ាងតឹងរ៉ឹងបំផុត៖
​បង្ក្រាបដាច់ខាត៖ ត្រូវបន្តចាត់វិធានការទប់ស្កាត់ មិនឱ្យកើតមានសកម្មភាពកាប់ទន្ទ្រានព្រៃឈើជាថ្មីទៀតឡើយ។
​វែកមុខជនល្មើស៖ ត្រូវស្រាវជ្រាវរកឱ្យឃើញជនល្មើសដែលលួចធ្វើសកម្មភាព ក្នុងអំឡុងពេលដែលកងកម្លាំងកំពុងជាប់រវល់ភារកិច្ចការពារបូរណភាពទឹកដី ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ដោយគ្មានការលើកលែង។
​វិន័យកងទ័ព៖ លោកបានព្រមានចំៗថា ចំពោះកងកម្លាំងណាដែលខ្វះការទទួលខុសត្រូវ ធ្វេសប្រហែស ឬមានជាប់ពាក់ព័ន្ធជាមួយជនល្មើស នឹងត្រូវទទួលពិន័យ រហូតដល់ត្រូវស្នើសុំបណ្ដេញចេញពីជួរកងយោធពលខេមរភូមិន្ទ និងបញ្ជូនទៅតុលាការចាត់វិធានការតាមផ្លូវច្បាប់។
​ក្នុងឱកាសនោះដែរ លោកមេបញ្ជាការបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមមានស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ ចែកជូនដល់កងកម្លាំងចម្រុះតាមគោលដៅទាំង ៧ ដើម្បីជាការលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលក្នុងការបន្តបេសកកម្មការពារធនធានធម្មជាតិឱ្យបានគង់វង្ស៕ដោយ អ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *