លោកជំទាវ ឃួន ឃុនឌី អំពាវនាវឱ្យប្រជាពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី ក្នុងឱកាសចុះសំណេះសំណាលនៅស្រុកកំពង់ស្វាយ

​(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ចំពោះកិច្ចខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី និងរក្សាសន្តិភាព។
​ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ គណៈកម្មាធិការបក្សឃុំ និងសមាជិកអចិន្ត្រៃយ៍គណបក្សឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦។ ពិធីនេះក៏មានការចូលរួមពី លោកជំទាវ យស ថានារី សមាជិករដ្ឋសភា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក ព្រមទាំងថ្នាក់ដឹកនាំមូលដ្ឋាន សរុបចំនួន ៥៦នាក់។
​ស្មារតីជ័យជំនះ ៧ មករា ជាមូលដ្ឋានគ្រឹះនៃសន្តិភាព
​ក្នុងជំនួបនោះ លោកជំទាវបានរំលឹកពីវីរភាព និងការលះបង់ដ៏ខ្ពង់ខ្ពស់របស់យុទ្ធជនជំនាន់មុន ក្នុងការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍។ លោកជំទាវបានសង្កត់ធ្ងន់ថា៖
​ថ្ងៃទី៧ ខែមករា គឺជាថ្ងៃជ័យជំនះប្រវត្តិសាស្ត្រ ដែលបានសង្គ្រោះជីវិតប្រជាជនកម្ពុជាពីរបបខ្មែរក្រហម។
​ជ័យជំនះនេះបាននាំមកនូវសិទ្ធិសេរីភាព និងការអភិវឌ្ឍលើគ្រប់វិស័យ រហូតធ្វើឱ្យកម្ពុជាមានកិត្យានុភាពលើឆាកអន្តរជាតិ។
​ការការពារបូរណភាពទឹកដី និងការជឿជាក់លើរាជរដ្ឋាភិបាល
​ពាក់ព័ន្ធនឹងសភាពការណ៍ព្រំដែន លោកជំទាវបានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល លើសមរភូមិការទូត ផ្លូវច្បាប់ និងយោធា ដើម្បីការពារបូរណភាពទឹកដី។
​លោកជំទាវបានបញ្ជាក់យ៉ាងច្បាស់ថា៖
​”សូមបងប្អូនប្រជាពលរដ្ឋជឿជាក់លើការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ រាជរដ្ឋាភិបាលប្ដេជ្ញាការពារបូរណភាពទឹកដីឱ្យបានគង់វង្ស និងមិនមានការចរចាប្តូរយកសន្តិភាព ដោយការកាត់ទឹកដីឱ្យទៅប្រទេសណាមួយឡើយ។”
​ជាទីបញ្ចប់ លោកជំទាវក៏បានកោតសរសើរដល់វីរយុទ្ធជនដែលកំពុងឈរជើងការពារព្រំដែនយ៉ាងអង់អាចក្លាហាន និងបានជំរុញឱ្យមន្ត្រីបក្សមូលដ្ឋានទាំងអស់ បន្តយកចិត្តទុកដាក់បម្រើសេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕ដោយ អ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *