ខេត្តកំពង់ធំ៖ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការណែនាំផ្ទាល់ពីគណៈបញ្ជាការឯកភាពខេត្ត, លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងដែលប្រចាំការនៅតាមទីបញ្ជាការស្រាល ត្រូវបន្តសកម្មភាពទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រទទួលខុសត្រូវឱ្យដូចភ្លៀងរលឹម។
នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ កងកម្លាំងចម្រុះដឹកនាំដោយ លោកវរសេនីយ៍ត្រី ភោគ ប៊ុនធឿន និង លោកអនុសេនីយ៍ឯក ហែម ថន បានចុះអនុវត្តច្បាប់នៅតំបន់គោលដៅសំខាន់ៗ រួមមាន៖
ភូមិសាស្ត្រស្រុកស្ទោង (តំបន់ក្អែកដេក និងតាកន)៖ បានរុះរើនិងបំផ្លាញចោលរបាំងសាច់អួនក្រឡាញឹកចំនួន ៦របាំង (ប្រវែង ១,៨០០ម៉ែត្រ), ឡុកសាច់អួន ៥គ្រឿង, លបឬលូចំនួន ១២មាត់ និងបានចាក់លែងត្រីចម្រុះជាង ៣០គីឡូក្រាមចូលទៅក្នុងធម្មជាតិវិញ។
ភូមិសាស្ត្រស្រុកកំពង់ស្វាយ (តំបន់កោះខ្លា)៖ បានបង្ក្រាបនិងបំផ្លាញសាច់អួនក្រឡាញឹកចំនួន ១របាំង (ប្រវែង ២០០ម៉ែត្រ) រួមនឹងឧបករណ៍ល្មើសច្បាប់មួយចំនួនទៀត។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណនិងកោតសរសើរដល់កងកម្លាំងទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចដោយមិនគិតថ្ងៃឈប់សម្រាក ដើម្បីការពារធនធានមច្ឆជាតិ។
ជាមួយគ្នានេះ លោកមេបញ្ជាការក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ៖
”សូមបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ ដើម្បីរួមគ្នាថែរក្សាពូជត្រីឱ្យសម្បូរឡើងវិញ សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋយើងទាំងនាពេលបច្ចុប្បន្ន និងទៅអនាគត។”ដោយ អ៊ួង សុផាត

