ឧត្តមសេនីយ៍ទោ សោម ស៊ុន ចូលរួមរំលែកទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន នៅដីសម្បទានសង្គមកិច្ច ខេត្តកំពង់ធំ

ដោយ អ៊ួង សុផាត÷]​(ខេត្តកំពង់ធំ)៖ នៅល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំសហការី និងបងប្អូនអតីតយុទ្ធជន ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកពលបាលឯក ឈួន ឈាត អាយុ ៦៦ ឆ្នាំ ដែលបានទទួលមរណភាពដោយរោគាពាធ កាលពីពេលថ្មីៗនេះ នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

​ក្នុងពិធីដ៏សង្រេងសង្រ្គៃនេះ តំណាងលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន បានអានសារលិខិតរំលែកទុក្ខ និងរំលឹកពីប្រវត្តិរូបសង្ខេបរបស់សព៖
​ឆ្នាំ១៩៩០៖ ចូលបម្រើកងទ័ពក្នុងអង្គភាពយោធាស្រុកស្ទោង។
​ឆ្នាំ១៩៩២៖ បានរងរបួសក្នុងសមរភូមិនីពេជ ក្លាយជាយុទ្ធជនពិការ។
​ជីវភាព៖ កន្លងមកលោកគ្មានដី គ្មានផ្ទះពិតប្រាកដ រហូតទទួលបានការយកចិត្តទុកដាក់ពី សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈការផ្តល់ដីសម្បទានសង្គមកិច្ចចំនួន ១,៥ ហិកតា និងផ្ទះមួយខ្នង ដើម្បីកសាងជីវភាពថ្មីនៅឃុំក្រយា។

​ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់យុទ្ធមិត្តដែលធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិ និងជាស្វាមី ឪពុកដ៏ល្អក្នុងគ្រួសារ។ លោកបានបញ្ជាក់ថា បច្ចុប្បន្នមានគ្រួសារអតីតយុទ្ធជនចំនួន ២០៦ គ្រួសារ កំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនេះ ហើយក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ មានបងប្អូនយុទ្ធជនចំនួន ១៩ នាក់ហើយ បានទទួលមរណភាពដោយសារជំងឺ និងរបួសចាស់រើឡើង។

​ដើម្បីជួយសម្រាលបន្ទុកគ្រួសារសព ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយក៖
​ថវិកាបេឡាមរណសង្គ្រោះ៖ ចំនួន ៤,០០០,០០០ រៀល របស់សមាគមអតីតយុទ្ធជនកម្ពុជា។
​អំណោយមនុស្សធម៌៖ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ ដើម្បីចូលរួមក្នុងពិធីបុណ្យសពតាមប្រពៃណី។
​ជាកិច្ចបញ្ចប់ ឯកឧត្តមមេបញ្ជាការ បានបួងសួងដល់វិញ្ញាណក្ខន្ធសពលោកពលបាលឯក ឈួន ឈាត សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ដោយ អ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *