ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ខណ:ម្ចាស់ម៉ាស៊ីនច្រូត ជាមួយប្រជាកសិករសម្រុកច្រូតកាត់ប្រមូលផលស្រូវវស្សាចុងក្រោយ ត្បិតខកខានធ្វើក្នុងអំឡុងសង្គ្រាមដែលយោធាថៃបានទម្លាក់គ្រាប់បែកពីយន្តហោះ ការបាញ់ផ្លោងចន្លោះថ្ងៃទី៧ដល់ថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៥ កន្លងមកនោះ ឈ្នួញកណ្តាលក៏ខិតខំប្រមូលទិញបង្ហើយផងដែរ។
លោករុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យប្រាប់នាថ្ងៃទី៥ខែមករាឆ្នាំ២០២៦ថា: ការវាយតម្លៃផលប៉ះពាល់លើផ្ទៃដីដំណាំសំខាន់ៗតាមបណ្តាស្រុកឆ្នាំ២០២៦ ពីជម្លោះព្រំដែន( សង្គ្រាមយោធាថៃឈ្លានពាន) នាពេលបច្ចុប្បន្ននៅភូមិ ឃុំ ស្រុកដែលរងគ្រោះគឺមាននៅភូមិ ឃុំ សង្កាត់ក្នុងក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ អូរជ្រៅ ស្វាយចេក និងថ្មពួក។
ដោយមានផ្ទៃដីដំណាំបានដាំដុះ តែមិនអាចប្រមូលផល : មានស្រូវវស្សាចំនួន៣ ៥០៥ហិចតា , បន្លែគ្រប់មុខចំនួន១១៥ហិចតា, ដំឡូងមីចំនួន៣ ២១៦ហិចតា, អំពៅចំនួន៣២ហិចតា ។
ចំណែកផ្ទៃដីគ្រោងដាំដុះ តែមិនអាចដាំដុះបានមាន : ស្រូវប្រាំងចំនួន២៥០ហិចតា។បន្លែគ្រប់មុខចំនួន១៨ហិចតា , ពោតក្រហមចំនួន៦. ៨០០ហិចតា,ដំឡូងមីចំនួន១. ១៥០ហិចតា។
ប៉ុន្តែ លោកថា : លុះដល់មានបទឈប់បាញ់៧២ម៉ោងចូលជាធរមាននិងបានអនុវត្ត មកទល់ថ្ងៃនេះ កសិករបានសម្រុកទៅច្រូតកាត់បង្ហើយ។ ឯដំណាំផ្សេងៗ កសិករក៏សម្រុកទៅប្រមូលផលឡើងវិញផងដែរ។
ទោះយ៉ាងណា លោករុន សុផាន់ណារ៉ា កត់សម្គាល់និងសោកស្តាយថា : ចំពោះផ្ទៃដីដំណាំអំពៅនៅភូមិជោគជ័យចំនួន៣២ហិចតា កសិករខ្មែរជាម្ចាសមិនអាចចូលទៅប្រមូលផលបានឡើយ ព្រោះយោធាថៃឈ្លានពានរំលោភព័ទ្ធយកដីចម្ការ ដីភូមិ.ផ្ទះសម្បែង សំណង់និងទ្រព្យសម្បត្តិតាំងពីថ្ងៃទី២៧ខែធ្ន កន្លងមកម្ល៉េះ ។
ប្រជាកសិករមួយចំនួនរស់នៅឃុំគោករមៀតស្រុកថ្មពួក , នៅភូមិខ្វាវលិចឃុំស្វាយចេកស្រុកស្វាយចេកនិងនៅភូមិផ្គាំឃុំសឹង្ហស្រុកអូរជ្រៅបានប្រាប់ថា : ក្រោយបទឈប់បាញ់៧២ម៉ោង ចុងក្រោយមកនេះ ពួកគេបានប្រញាប់ប្រញាល់ហៅម៉ាស៊ីនច្រូតទៅច្រូតស្រូវរដូវវស្សាចុងដៃបង្ហើយ ។
ចំណែកអ្នកស្រីសៀង សារុំ ឈ្នួញកណ្តាលទិញស្រូវនៅស្រុកស្វាយចេកប្រាប់ថ្ងៃទី៤ខែមករាឆ្នាំ២០២៦ ថា: ក្រោយចប់សង្គ្រាមថៃឈ្លានពាន ការប្រមូលទិញស្រូវក៏បង្ហើយដែរ។
ដូចជាស្រូវរំដួលត្រូវបានប្រមូលទិញអស់ហើយ ។ នៅស្រូវនាងខុនឧនិងស្រូវប្រាំងសល់មួយចំនួនតូច ក៏ត្រូវប្រមូលទិញអស់នារវាង២-៣ថ្ងៃចុងក្រោយនេះ ។
ឯលោកងិន សុទ្ធី មេឃុំស្វាយចេកបានប្រាប់ថា : ដោយរងផលប៉ះពាល់ពីសង្គ្រាមថៃឈ្លានពាន២០ថ្ងៃ ធ្វើអោយសល់ស្រូវខ្លះក្នុងស្រែ ។ហេតុនេះ ក្រោយបទឈប់បាញ បងប្អូនកសិករក៏នាំគ្នាសម្រុកច្រូតអោយរួចរាល់.។
ចំពោះលោកខ្លឹង សុខុន មេឃុំសឹង្ហស្រុកអូរជ្រៅបានប្រាប់ថ្ងៃទី៤ខែមករាថា: មុនសង្គ្រាម២០ថ្ងៃ ស្រែនៅចំនុចខ្លះ ក្នុងឃុំនេះ នៅមានស្រូវទុំ ហើយទុំញោះជ្រុលនៅឡើយ ។ ហេតុនេះ ពេលជនភៀសសឹកបានវិលមកផ្ទះសម្បែងនិងភូមិករ៍វិញ បងប្អូនក៏ប្រញាប់ច្រូតកាត់ស្រូវវស្សានៅសល់។
ទោះយ៉ាងណា លោកខ្លឹង សុខុន ថា ចំពោះកសិករដែលត្រូវធ្វើស្រូវប្រាំងបន្ត ក៏ត្រូវខកខាន ត្បិតយឺតពេល ។
៕

