ដោយ អ៊ួង សុផាត(កំពង់ធំ)៖ លោកជំទាវ យស ថានារី សមាជិករដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះសំណេះសំណាល និងនាំយកអំណោយសប្បុរសធម៌ ចែកជូនដល់គ្រួសារភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងឃុំសាលាវិស័យ និងឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ លោកជំទាវបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក និងការយកចិត្តទុកដាក់បំផុតពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់។
លោកជំទាវសមាជិករដ្ឋសភា បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ រក្សាស្មារតីតស៊ូ អត់ធ្មត់ និងសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីផ្ដល់ការគាំទ្រ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាវីរកងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិមុខ។ ជាមួយគ្នានេះ លោកជំទាវក៏បានរំលឹកដល់បងប្អូនឱ្យ៖
ថែទាំសុខភាព៖ បរិភោគស្អាត ផឹកស្អាត និងរស់នៅស្អាត ជាពិសេសយកចិត្តទុកដាក់ចំពោះកុមារតូចៗ។
ការសិក្សាអប់រំ៖ ជំរុញឱ្យកូនចៅបានចូលរៀននៅសាលារៀនដែលបានរៀបចំជូន ដើម្បីកុំឱ្យខកខានការសិក្សា ទោះស្ថិតក្នុងស្ថានភាពបណ្ដោះអាសន្នក៏ដោយ។
លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរមូលដ្ឋាន និងក្រុមការងារគ្រប់គ្រងទាំងអស់ ដែលបានខិតខំប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួលជួយដល់គ្រួសារភៀសសឹកទាំងអស់។
សូមបញ្ជាក់ថា គ្រួសារដែលទទួលបានការឧបត្ថម្ភក្នុងឱកាសនោះមានចំនួន ១០២ គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន៖
អង្ករ ៥ គីឡូក្រាម
ឃីត (សម្ភារប្រើប្រាស់) ២ កញ្ចប់
ថវិកាចំនួន ៥០,០០០ រៀល។ដោយ អ៊ួង សុផាត

