(កំពង់ធំ)៖ មានការភ្ញាក់ផ្អើល និងមន្ទិលសង្ស័យយ៉ាងខ្លាំងពីសំណាក់មហាជន បន្ទាប់ពីលេចធ្លាយព័ត៌មានថា អាជ្ញាធរភូមិ-ឃុំ និងចៅអធិការវត្តទួលពង្រ បានឃុបឃិតគ្នាជួល ឬលក់ដីរដ្ឋនៅចំណុច “បឹងឃុនធំ ឬទួលឃុន” ឱ្យទៅបុគ្គលឯកជនសាងសង់លំនៅឋានយ៉ាងរឹងមាំ ដែលផ្ទុយពីច្បាប់ភូមិបាល។
កាលពីថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៦ ក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាព បានចុះទៅដល់ទីតាំងកើតហេតុ ស្ថិតក្នុងភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីស្វែងរកការពិត។ នៅទីនោះ គេសង្កេតឃើញមានសំណង់ផ្ទះរឹងមាំមួយកន្លែង កំពុងលេចរូបរាងឡើងនៅលើដីដែលគេសង្ស័យថាជាដីសាធារណៈរបស់រដ្ឋ។
ការផ្តល់សម្ភាសន៍ខុសគ្នាស្រឡះរវាងម្ចាស់សំណង់ និងអាជ្ញាធរ
យោងតាមការសាកសួរពីក្រុមការងារ៖
ម្ចាស់សំណង់៖ បានអះអាងថា ខ្លួនពិតជាបានទិញដីនោះក្នុងទម្រង់បង់រំលស់ ដោយក្នុង ១ ឆ្នាំត្រូវបង់ប្រាក់ចំនួន ៨០ ម៉ឺនរៀល ក្នុងរយៈពេល ៥ ឆ្នាំ។
(មេភូមិជីមាឃ និងមេឃុំកកោះ)៖ បានឆ្លើយបដិសេធការលក់ដី ប៉ុន្តែទទួលស្គាល់ថា ពិតជាបានធ្វើកិច្ចសន្យាជួលដីនោះឱ្យទៅឈ្មោះ សំ ភ័ស ពិតប្រាកដមែន។ ទោះជាយ៉ាងណា អាជ្ញាធរបញ្ជាក់ថា ការជួលនោះគឺក្នុងគោលបំណងធ្វើ “ក្រោលគោ” ប៉ុណ្ណោះ មិនមែនអនុញ្ញាតឱ្យសាងសង់ផ្ទះរឹងមាំឡើយ។
ភាពមិនប្រក្រតីនេះ បានធ្វើឱ្យមហាជនដាក់ការសង្ស័យថា តើមានការបើកដៃពីសំណាក់ចៅអធិការវត្តទួលពង្រ និងអាជ្ញាធរមូលដ្ឋានដែរឬទេ? ខណៈដែលចម្លើយរវាងអ្នកទិញ និងអ្នកជួលមានភាពផ្ទុយគ្នាស្រឡះបែបនេះ។
បច្ចុប្បន្ន មហាជនកំពុងរង់ចាំមើលថា តើលោកអភិបាលស្រុកសន្ទុក ក៏ដូចជា ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ នឹងមានចំណាត់ការផ្លូវច្បាប់យ៉ាងណា ចំពោះករណីទន្ទ្រានយកដីរដ្ឋមកធ្វើជាកម្មសិទ្ធិឯកជននេះ។
អង្គភាពយើងខ្ញុំនឹងបន្តតាមដាន និងផ្សាយជូនព័ត៌មាននៅពេលក្រោយទៀត ប្រសិនបើមានការបកស្រាយបន្ថែមពីភាគីពាក់ព័ន្ធ។សោយ សឿង សុទ្ធ

