ដោយអ៊ួង សុផាត÷](កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានជំរុញឱ្យគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្ទោង និងអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់ខ្ពស់លើការថែទាំសុខភាព និងជីវភាពរបស់វីរកងទ័ពជួរមុខដែលបានត្រឡប់មកកាន់មូលដ្ឋានវិញ។
ការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងឱកាសដែលលោកអភិបាលស្រុក អញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ដើម្បីចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់វីរកងទ័ពដែលកំពុងសម្រាកព្យាបាលរបួសនៅតាមផ្ទះ និងនៅមន្ទីរពេទ្យបង្អែកស្ទោង កាលពីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកអភិបាលស្រុកបានដាក់បទបញ្ជា និងណែនាំដល់៖
គ្រូពេទ្យ និងអាជ្ញាធរភូមិ-ឃុំ៖ ត្រូវធ្វើបច្ចុប្បន្នភាព និងរាយការណ៍ជាប្រចាំថ្ងៃអំពីស្ថានភាពសុខភាពរបស់វីរកងទ័ព ឬជនភៀសសឹកក្នុងមូលដ្ឋាន។
គោលបំណង៖ ដើម្បីធានាបាននូវការជួយសង្គ្រោះទាន់ពេលវេលា ក្នុងនាមជា “សមរភូមិក្រោយ” ដែលជួយគាំទ្រសមរភូមិមុខ និងដើម្បីតបស្នងសងគុណចំពោះការលះបង់សាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងសន្តិភាព។
លោក សាយ គឹមឡម ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ថោ ជេដ្ឋា ដែលតែងតែយកចិត្តទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្ត្រក្នុងស្រុកស្ទោង ជាពិសេសការគិតគូរដល់សុខទុក្ខរបស់កងទ័ព និងប្រជាពលរដ្ឋគ្រប់ពេលវេលា។
ជាការឆ្លើយតប វីរកងទ័ពទាំង ៣ រូប ដែលទទួលបានការសួរសុខទុក្ខ បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំដែលមិនបោះបង់ពួកគេចោល និងតែងតែផ្តល់កម្លាំងចិត្តគ្រប់កាលៈទេសៈ។
សូមបញ្ជាក់ថា៖ អំណោយដែលត្រូវបានចែកជូនវីរកងទ័ពម្នាក់ៗរួមមាន៖
ថវិកាចំនួន ២០ម៉ឺនរៀល
អង្ករ ១បេ
មី ១កេស
ទឹកត្រី ១យួរ
ទឹកសុទ្ធ ១កេស។ដោយ អ៊ួង សុផាត

