មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់កងកម្លាំងបង្ក្រាបបទល្មើសនេសាទ ​


ដោយ អ៊ួង សុផាត÷}​(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃអង្គារ ៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំនាយទាហានចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងចម្រុះដែលកំពុងបំពេញបេសកកម្មយ៉ាងសកម្មក្នុងការបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។
​កងកម្លាំងដែលទទួលបានការចុះសួរសុខទុក្ខនេះ រួមមានកងកម្លាំងនៃតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងកងពលតូចលេខ៧០ ដែលកំពុងឈរជើងបំពេញភារកិច្ចតាមគោលដៅសំខាន់ៗ។
​ក្នុងឱកាសនោះ លោកមេបញ្ជាការបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីឧបត្ថម្ភដល់កងកម្លាំងទាំង ៤គោលដៅ រួមមាន៖
​អង្ករ៖ ២០០ គីឡូក្រាម
​មី៖ ០៨ កេះ
​ទឹកត្រី និងទឹកស៊ីអ៉ីវ៖ ០៨ យួរ
​ទឹកសុទ្ធ៖ ៤០ យួរ
​អំបុក៖ ៤០ គីឡូក្រាម
​ប្រេងសាំង៖ ២០០ លីត្រ
​លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានពាំនាំនូវការសាកសួរសុខទុក្ខ និងការកោតសរសើរពីសំណាក់ថ្នាក់ដឹកនាំ ចំពោះស្មារតីលះបង់របស់កងកម្លាំងទាំងអស់ ដែលបានខិតខំការពារធនធានធម្មជាតិ និងទប់ស្កាត់បទល្មើសនេសាទបានយ៉ាងល្អប្រសើរ។ ការឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារៈទាំងនេះ គឺដើម្បីជួយសម្រួលដល់ការហូបចុក និងការធ្វើប្រតិបត្តិការប្រចាំថ្ងៃរបស់បងប្អូនកងកម្លាំងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕ដោយអ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *