ដោយ អ៊ួង សុផាត÷](កំពង់ធំ)៖ នាព្រឹកថ្ងៃចន្ទ ទី០៥ ខែមករា ឆ្នាំ២០២៦ លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខា រួមជាមួយលោក កែវ ផល នាយកសាខា និងមន្ត្រីក្រុមប្រតិបត្តិ បានអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពជួរមុខចំនួន ០៦រូប ដែលបានរងរបួសក្នុងបេសកកម្ម និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។
ក្នុងឱកាសនោះ លោកជំទាវ លំ គន្ធារី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនវីរកងទ័ព ដែលបានលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីបំពេញបេសកកម្មការពារជាតិ និងបូរណភាពទឹកដី ប្រឆាំងនឹងការឈ្លានពាននៅតាមខ្សែបន្ទាត់ព្រំដែន រហូតរងរបួសបែបនេះ។
ទន្ទឹមនឹងនេះ លោកជំទាវក៏បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្ដីនឹករលឹកបំផុតពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែណែនាំឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ជួយដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះឱ្យទាន់ពេលវេលា ជាពិសេសផ្តល់អាទិភាពខ្ពស់ចំពោះយោធិនរបួស ពិការ និងគ្រួសារកងទ័ពជួរមុខ។
លោកជំទាវ ក៏បានលើកទឹកចិត្តដល់វីរយុទ្ធជនទាំងអស់ ឱ្យខិតខំថែទាំសុខភាព និងអនុវត្តតាមវេជ្ជបញ្ជារបស់គ្រូពេទ្យឱ្យបានខ្ជាប់ខ្ជួន ដើម្បីឆាប់បានជាសះស្បើយ និងវិលត្រឡប់ទៅជួបជុំគ្រួសារ ក៏ដូចជាបន្តបេសកកម្មនៅអង្គភាពវិញ។
ជាកិច្ចឆ្លើយតប និងដើម្បីសម្រាលបន្ទុកជីវភាពក្នុងអំឡុងពេលសម្រាកព្យាបាល លោកជំទាវបានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់វីរកងទ័ពទាំង ០៦រូប ដោយក្នុងម្នាក់ៗទទួលបានចំនួន ២០ម៉ឺនរៀល ផងដែរ។ដោយ អ៊ួង សុផាត

