ដោយ អ៊ួង សុផាត÷](ខេត្តកំពង់ធំ)៖ ក្នុងកិច្ចប្រជុំពិសេសដើម្បីផ្សព្វផ្សាយសភាពការណ៍ទូទៅ និងប្រគល់ភារកិច្ចជូនកងកម្លាំង កាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានថ្លែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពដ៏អង់អាចក្លាហានរបស់យុទ្ធជនកងយោធពលខេមរភូមិន្ទ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដី។
ក្នុងឱកាសនោះ លោកមេបញ្ជាការបានអំពាវនាវដល់ប្រជាពលរដ្ឋ យោធិន និងគ្រួសារយោធិនទាំងអស់ ត្រូវបន្តជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានពន្យល់ និងផ្សព្វផ្សាយនូវខ្លឹមសារសំខាន់ៗចំនួន ៣ ចំណុច៖
លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC): លើកទី៣ រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលផ្តោតលើបទឈប់បាញ់នៅនឹងកន្លែង និងការដោះស្រាយខ្សែបន្ទាត់ព្រំដែនតាមរយៈគណៈកម្មាធិការព្រំដែន (JBC) ដោយផ្អែកលើច្បាប់ និងអនុសញ្ញាអន្តរជាតិដែលតម្កល់នៅអង្គការសហប្រជាជាតិ។
លទ្ធផលនៃកិច្ចប្រជុំកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន ប្រទេសចិន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ។
ផ្សព្វផ្សាយសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស កម្ពុជាដែលបានតវ៉ាចំពោះការរំលោភបំពានរបស់ភាគីថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ក្នុងអំឡុងប្រតិបត្តិការចន្លោះថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតាមបណ្តោយខេត្តចំនួន៤ រួមមាន៖ បន្ទាយមានជ័យ, ពោធិ៍សាត់, ព្រះវិហារ និងឧត្តរមានជ័យ។
ជាចុងក្រោយ លោកមេបញ្ជាការបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់យោធិនគ្រប់រូបត្រូវ៖
ប្តេជ្ញាចិត្តដាច់ខាត៖ ក្នុងការអនុវត្តកាតព្វកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់។
បន្តអនុវត្តការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដោយគ្មានការដកថយឡើយ៕ដោយ អ៊ួង សុផាត

