ដោយ : ភ្នំធំ / វ៉ាស៊ីងតោន-ស រ អា :
ទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនអាមេរិក (DEA) | Drug Enforcement Administration បានចាប់ខ្លួនមេដឹកនាំសង្គមនិយមរបស់ប្រទេសវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ក្នុងអំឡុងពេលវាយប្រហារដោយយោធាអាមេរិក។
នេះ បើយោងតាមការលើកឡើងរបស់លោកប្រធានាធិបតី ត្រាំ កាលពីថ្ងៃសៅរ៍ ទី០៣ខែមករាឆ្នាំ២០២៥ ។
លោក ត្រាំ បាននិយាយថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងរួមគ្នាជាមួយអាជ្ញាធរអនុវត្តច្បាប់សហរដ្ឋអាមេរិក ហើយបានបន្ថែមថា សន្និសីទសារព័ត៌មានមួយនឹងធ្វើឡើងនៅ Mar-a-Lago នៅម៉ោង ១១ ព្រឹកថ្ងៃសៅរ៍ ។
តើកងកម្លាំងពិសេសអាមេរិកចាប់ខ្លួនលោក ម៉ាឌូរ៉ូ ដោយបៀបណា?
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា បានបង្ហោះសារលើបណ្តាញ Truth Social យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំ ដោយជោគជ័យប្រឆាំងប្រទេសវ៉េណេស៊ុយអេឡា និងមេដឹកនាំរបស់ប្រទេសនេះ គឺលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដែលត្រូវបានចាប់ខ្លួនរួមជាមួយភរិយា ហើយត្រូវបានដឹកតាមយន្តហោះចេញពីប្រទេសវ៉េណេស៊ុយអេឡាហើយ»។
លោក ត្រាំ បានប្រកាសថា រូបលោកនឹងធ្វើសន្និសីទសារព័ត៌មានផ្លូវការមួយ នៅម៉ោង១១៖០០នាទីព្រឹក (ម៉ោងនៅអាមេរិក) នៅឯភូមិគ្រឹះ Mar-a-Lago របស់លោកក្នុងរដ្ឋ Florida។ ក្រុមមន្ត្រីអាមេរិក បានឱ្យដឹងថា លោកប្រធានាធិបតីវ៉េណេស៊ុយអេឡា ម៉ាឌូរ៉ូ ត្រូវបានចាប់ខ្លួនដោយកងកម្លាំងពិសេសអាមេរិក Delta Force។
ប៉ុន្តែថាតើកងកម្លាំងនេះអាចចូលចាប់ខ្លួនលោក ម៉ាឌូរ៉ូក្នុងប្រទេសវ៉េណេស៊ុយបានយ៉ាងដូចម្ដេច?
ក្រុមអ្នកវិភាគខ្លះយល់ថាប្រសិនបើសហរដ្ឋអាមេរិកពិតជាបានចាប់ខ្លួនលោក ម៉ាឌូរ៉ូបានពិតមែន នោះប្រតិបត្តិការនេះអាចធ្វើឡើងតាមរយៈការសហការជាមួយផ្ទៃក្នុងវ៉េណេស៊ុយអេឡា ជាជាងការពឹងផ្អែកលើកម្លាំងបាយទាំងស្រុង។
* រនុកក្នុង
នៅក្នុងសេណារីយ៉ូនេះ លោក ម៉ាឌូរ៉ូមិនត្រូវបានផ្ទៃក្នុងធ្វើរដ្ឋប្រហារនោះទេ តែអាចត្រូវបានបោះបង់ចោលយ៉ាងស្ងៀមស្ងាត់។ ក្នុងន័យនេះមន្ត្រីជាន់ខ្ពស់មួយចំនួនក្នុងជួរកងកម្លាំងសន្តិសុខ ឬយោធាវ៉េណេស៊ុយអេឡា ប្រហែលជាបានដកខ្លួនចេញពីការការពាររូបលោក ឬក៏អាចសហការ និងជួយសម្របសម្រួលដល់កងកម្លាំងអាមេរិក។
ប្រព័ន្ធដឹកនាំតាមបែបផ្ដាច់ការជាញឹកញាប់តែងតែដួលរលំតាមផ្លូវមួយនេះ ពោលគឺភាពស្មោះត្រង់ក្នុង ចំណោមមន្ត្រីធំៗបានបាត់បង់នៅក្រោមការដាក់ទណ្ឌកម្ម ការភ័យខ្លាចពីការកាត់ទោស និងការដណ្ដើមអំណាចគ្នា។
នៅពេលអំណាចរដ្ឋាភិបាលចុះទន់ខ្សោយ ការរស់រាន ឬការការពារអំណាចជីវិតនយោបាយរបស់ពួកគេស្ថិតនៅជាអាទិភាពកំពូល។ កាលពីអតីតកាល អតីតមេដឹកនាំប៉ាណាម៉ា លោក Manuel Noriega ក៏ធ្លាប់ត្រូវបានសហរដ្ឋអាមេរិកទម្លាក់ចេញពីអំណាចដែរកាលពីឆ្នាំ១៩៨៩ តាមរយៈការសហការជាមួយក្រុមមន្ត្រី ក្នុងប្រទេសប៉ាណាម៉ាតែម្ដង។
* ការវាយឆ្មក់លឿនដូចផ្លេកបន្ទោរ
ក្នុងសេណារីយ៉ូទី២នេះ គឺការធ្វើប្រតិបត្តិការលឿនដូចផ្លេកបន្ទោរ តាមរយៈការកំណត់ទីតាំងច្បាស់លាស់ និងព័ត៌មានសម្ងាត់។ ប្រតិបត្តិការនេះតម្រូវឱ្យមានព័ត៌មានចារកម្មយ៉ាងលម្អិត និងច្បាស់លាស់បំផុតពីកន្លែងស្នាក់នៅរបស់លោក ម៉ាឌូរ៉ូ ការគ្រប់គ្រងដែនអាកាសបណ្ដោះអាសន្ន និងការបង្ហើយប្រតិបត្តិការឱ្យបានលឿនបំផុតដើម្បីបញ្ចៀសកុំឱ្យមានប្រឈមមុខដាក់គ្នាទ្រង់ទ្រាយធំក្នុងទីក្រុងការ៉ាកាស។
កន្លងមក សហរដ្ឋអាមេរិកបានដឹកនាំប្រតិបត្តិការលឿនដូចផ្លេកបន្ទោរបែបនេះដែរ គួរឱ្យកត់សម្គាល់ប្រតិបត្តិការសម្លាប់មេដឹកនាំអាល់កៃដា Osama bin Laden កាលពីឆ្នាំ២០១១។
* ការលួងលោមឱ្យចូលអន្ទាក់
ក្នុងសេណារីយ៉ូទី៣គឺជាការបោកបញ្ឆោត និងលួងលោមឱ្យដើរចូលអន្ទាក់។ ជំនួសឱ្យការឆ្មក់វាយប្រហារចូលវិមានប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក ម៉ាឌូរ៉ូ ប្រហែលជាត្រូវបានលួងលោមថា លោកត្រូវបានគេនាំខ្លួនទៅកាន់កន្លែងមានសុវត្ថិភាព និងចូលរួមក្នុងកិច្ចចរចាសម្របសម្រួលណាមួយជាដើម។
វិធីសាស្ត្រនេះមានគោលបំណងកាត់បន្ថយអំពើហិង្សា និងបញ្ចៀសភាពចលាចលតាមដងផ្លូវ។
សម្រាប់មេដឹកនាំមួយចំនួន ការធ្វើដំណើរ និងការចរចាគឺជាពេលវេលាមួយដ៏គ្រោះថ្នាក់។ ពីព្រោះនៅពេលដែលពួកគេដើរចេញពីរង្វង់នៃការការពារដ៏រឹងមាំ នោះការពារនឹងថយចុះប្រសិទ្ធភាព ឬបាត់បង់ប្រសិទ្ធភាពតែម្ដង។
តាមរយៈសេណារីយ៉ូទាំង៣ខាងលើ អ្វីៗត្រូវបានត្រៀមចំអស់រយៈពេលជាច្រើនខែ ឬច្រើនឆ្នាំមករបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ព្រមទាំងការទិញទឹកចិត្តក្រុមមន្ត្រីស្និទ្ធនឹងលោក ម៉ាឌូរ៉ូ។
ចូរកុំភ្លេចថា លោក ត្រាំ បានចេញបញ្ជារួចហើយឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA ធ្វើប្រតិបត្តិការនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ៕

