ដោយ អ៊ួង សុផាត÷](ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត បានដឹកនាំសហការីចុះប្រគល់ផ្ទះថ្មីចំនួន ០២ខ្នង ជូនគ្រួសារអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ផ្ទះថ្មីទាំងពីរខ្នងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។}
តាមការបញ្ជាក់របស់លោកមេបញ្ជាការ គ្រួសារដែលទទួលបានផ្ទះរួមមាន៖
១. លោក នាយឯក ហួន សារ៉ន៖ អតីតយុទ្ធជនពិការ រស់នៅភូមិចំបក់ សង្កាត់ស្រយ៉ូវ (មានសមាជិក ៣នាក់ក្នុងបន្ទុក)។
២. លោកស្រី ផូ ឡាយ៖ គ្រួសារអតីតយុទ្ធជនពលី រស់នៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ (មានកូន ៥នាក់ក្នុងបន្ទុក)។
ផ្ទះនីមួយៗមានទំហំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ សាងសង់អំពីសសរបេតុង ឆ្អឹងដែក រនាបក្តារ និងដំបូលប្រក់ស័ង្កសីកិនភ្លី។ បន្ថែមពីនេះ ក៏មានការតសំយាបផ្ទះបាយទៅផ្នែកខាងក្រោយប្រវែង ៣ម៉ែត្រ និងមានបង្គន់អនាម័យត្រឹមត្រូវ ដែលសម្របសម្រួលសាងសង់តាមរយៈ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកអំណោយមនុស្សធម៌បន្ថែមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមមាន៖ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ក្នុងផ្ទះបាយ មុង ភួយ កន្ទេល និងខ្នើយ ដើម្បីជួយសម្រួលដល់ការរស់នៅថ្មីរបស់បងប្អូន។
ជាទីបញ្ចប់ ក្រុមគ្រួសារអតីតយុទ្ធជនទាំងពីរ បានសម្តែងនូវក្តីរំភើបឥតឧបមា និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរបស់អតីតយុទ្ធជនដែលធ្លាប់មានគុណបំណាចចំពោះជាតិមាតុភូមិ មិនឱ្យរស់នៅដោយឯកោឡើយ៕ដោយ អ៊ួង សុផាត

