ដោយអ៊ួង សុផាត÷](កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវយ៉ាងទទូចដល់ជនភៀសសឹក និងប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ ត្រូវបន្តធ្វើពហិការមិនប្រើប្រាស់ផលិតផលសៀម ដើម្បីបង្ហាញពីស្មារតីជាតិនិយម និងគាំទ្រផលិតផលក្នុងស្រុក។
ការអំពាវនាវនេះបានធ្វើឡើងក្នុងឱកាសដែលអាជ្ញាធរស្រុកស្ទោង ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ជនភៀសសឹក ក្នុងឱកាសត្រេកអរថ្ងៃចូលឆ្នាំសកល ២០២៦ កាលពីព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦។
លោកអភិបាលស្រុកបានសង្កត់ធ្ងន់ថា ពលរដ្ឋខ្មែរគ្រប់រូបត្រូវតែមានស្មារតីជាតិនិយមឱ្យបានខ្ពស់បំផុត។ ការធ្វើពហិការចំពោះផលិតផលសៀម គឺជាយន្តការមួយដើម្បី៖
លើកកម្ពស់ផលិតផលក្នុងស្រុក៖ គាំទ្រស្នាដៃ និងការផលិតរបស់កូនខ្មែរ។
កាត់បន្ថយការពឹងផ្អែកលើទំនិញពីប្រទេសដែលតែងតែបង្កអរិភាព និងរំលោភបំពានបូរណភាពទឹកដីកម្ពុជា តាមបណ្ដោយខ្សែបន្ទាត់ព្រំដែនប្រវែងប្រមាណជាង ៨០០ គីឡូម៉ែត្រ។
ក្នុងឱកាសនោះដែរ លោកក៏បានសម្តែងនូវការអបអរសាទរយ៉ាងខ្លាំងចំពោះការវិលត្រឡប់របស់វីរកងទ័ពខ្មែរ ដែលត្រូវបានភាគីសៀមចាប់ឃុំខ្លួនធ្វើជាចំណាប់ខ្មាំងអស់រយៈពេលជាង ៥ ខែ ហើយទើបតែបានវិលត្រឡប់មកមាតុភូមិវិញដោយសុវត្ថិភាព កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។
ក្រៅពីការលើកទឹកចិត្តផ្នែកស្មារតី លោក សាយ គឹមឡម ក៏បានណែនាំដល់បងប្អូនជនភៀសសឹកឱ្យងាកមកចាប់យកឱកាសការងារនៅក្នុងមូលដ្ឋាន ដើម្បីទ្រទ្រង់ជីវភាព។ លោកបានជំរុញឱ្យពួកគាត់ដាក់ពាក្យចូលធ្វើការនៅ៖
ក្រុមហ៊ុនចម្ការកៅស៊ូ CRCK2
ក្រុមហ៊ុនចម្ការកៅស៊ូបៀនហៀក ស្រុកស្ទោង
លោកបានបញ្ជាក់ថា ក្រុមហ៊ុនទាំងពីរនេះកំពុងត្រូវការកម្លាំងពលកម្មជាច្រើន ដែលជាឱកាសល្អសម្រាប់បងប្អូនក្នុងការរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ។ លោកក៏បានថ្លែងអំណរគុណដល់អគ្គនាយកក្រុមហ៊ុនទាំងពីរ ដែលតែងតែផ្តល់កិច្ចសហការល្អ និងចូលរួមការងារមនុស្សធម៌ជាមួយរដ្ឋបាលស្រុកយ៉ាងសកម្ម។
ជាចុងក្រោយ លោកអភិបាលស្រុក និងក្រុមការងារ បានចែកអំណោយជូនដល់គ្រួសារជនភៀសសឹកចំនួន ៣៦០ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖
អង្ករ ១ បេ
ត្រីខ ១ យួរ
ដោយ អ៊ួង សុផាត

