ដោយ : ភ្នំធំ / វ៉ាស៊ីងតោន-សរអា :
អ្នកនាំពាក្យរងនៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាស ស្វាគមន៍ចំពោះ ការដោះលែងទាហានកម្ពុជាចំនួន ១៨ នាក់ ចាត់ទុកថា ជាជំហានវិជ្ជមានមួយឆ្ពោះទៅរកការកសាងទំនាក់ទំនងជាប្រទេសជិតខាង និងទំនុកចិត្តឡើងវិញ។
យោងសេចក្តីប្រកាសព័ត៌មាន លោកTHOMAS “TOMMY” PIGOTT អ្នកនាំពាក្យរងនៃក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ថ្លែងថា: សហរដ្ឋអាមេរិក បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ ក្នុងការរក្សាកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ។
សកម្មភាពនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ចំពោះសន្តិភាពយូរអង្វែង តាមរយៈការអនុវត្តបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ។
សេចក្តីប្រកាសរបស់អ្នកនាំពាក្យរង ថំម៉ាស់ ភីហ្គត់ នៅក្រសួងទាំងបរទេសអាមេរិកបានបញ្ជាក់ថា: «យើងសូមស្វាគមន៍ចំពោះការដោះលែងទាហានកម្ពុជាចំនួន១៨ នាក់ ដោយភាគីថៃ ដែលនេះគឺជាជំហានវិជ្ជមានមួយឆ្ពោះទៅរកការកសាងទំនាក់ទំនងជាប្រទេសជិតខាងនិងទំនុកចិត្តឡើងវិញ»។
សហរដ្ឋអាមេរិក អះអាងថា : ខ្លួនបានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់រដ្ឋាភិបាលកម្ពុជា និងថៃ ខណៈដែលប្រទេសទាំងពីរបន្តអនុវត្តវិធានការសំខាន់ៗ ដែលបានព្រមព្រៀងគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃទី ២៦ ខែតុលា៕

