ដោយ អ៊ួង សុផាត÷](កំពង់ធំ)៖ នៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការងារសន្តិសុខ និងពង្រឹងការងារជំនាញដល់នាយការិយាល័យ និងអធិការនគរបាលក្រុង-ស្រុកទាំង០៩ ដើម្បីអនុវត្តតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិឱ្យមានប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយចិត្ត ធនធាន និងថវិកាផ្ទាល់ខ្លួន ក្នុងបេសកកម្មការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងឆ្នាំ២០២៥ កន្លងទៅ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។
ដើម្បីបន្តរក្សាសន្តិភាព និងស្ថិរភាពសង្គម លោកស្នងការបានដាក់ចេញនូវទិសដៅសំខាន់ៗចំនួន ៤ ចំណុច៖
១. ពង្រឹងផែនការងារសន្តិសុខ៖ ត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយដើម្បីបង្ការ និងទប់ស្កាត់រាល់សកម្មភាពដែលបង្កអស្ថិរភាព។
២. ការងារព្រហ្មទណ្ឌ៖ បង្កើនការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីផ្តល់ភាពសុខដុមរមនាជូនសង្កម។
៣. សណ្តាប់ធ្នាប់សាធារណៈ៖ រួមគ្នាគិត រួមគ្នាធ្វើ ក្នុងការរៀបចំសណ្តាប់ធ្នាប់ និងបង្ការគ្រោះថ្នាក់ផ្សេងៗ។
៤. ការងារគ្រប់គ្រងស្ថិតិ និងអន្តោប្រវេសន៍៖ យកចិត្តទុកដាក់គ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ ចំណូលចំណាកស្រុក ជាពិសេសពលករវិលត្រឡប់ពីក្រៅប្រទេស និងជនភៀសសឹក ដោយត្រូវចុះជួយអន្តរាគមន៍ និងឧបត្ថម្ភស្បៀងអាហារដល់គ្រួសារដែលខ្វះខាតក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ក៏បានសង្កត់ធ្ងន់លើចំណុចសំខាន់ៗបន្ថែមរួមមាន៖
គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៖ ទោះបីបទល្មើសមានការថយចុះ ប៉ុន្តែកងកម្លាំងត្រូវបន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីលើកកម្ពស់ការយល់ដឹងដល់មហាជន និងជំរុញការចូលរួមសហការពីប្រជាពលរដ្ឋ។
ការគ្រប់គ្រងដ្រូន (Drone)៖ អនុវត្តតាមសារាចរណែនាំស្តីពីការប្រើប្រាស់ដ្រូនក្នុងភូមិសាស្ត្រខេត្ត ដោយត្រូវតាមដាន និងបង្ក្រាបរាល់ការប្រើប្រាស់ខុសច្បាប់ ឬគ្មានការអនុញ្ញាត ដែលប៉ះពាល់ដល់សន្តិសុខ។
ជាទីបញ្ចប់ លោកស្នងការបានប្រសិទ្ធពរជ័យដល់មន្ត្រីនគរបាល និងគ្រួសារទូទាំងខេត្តកំពង់ធំ សូមជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ អ៊ួង សុផាត

