​អាជីវកម្មបូមខ្សាច់នៅកំពង់ឆ្នាំង៖ លួចធ្វើសកម្មភាពដឹកជញ្ជូនតាមរថភ្លើងយ៉ាងគគ្រឹកគគ្រេង ទាំងឯកសារកំពុងស្ថិតក្នុងការវាយតម្លៃ មន្ទីររ៉ែ និងថាមពលបញ្ជាឲ្យផ្អាក


​កំពង់ឆ្នាំង: ការដ្ឋានបូមខ្សាច់មួយកន្លែង ដែលមានទីតាំងត្រង់ចំណុច អូរឡេងតេង ស្ថិតក្នុងភូមិ-ឃុំក្រាំងស្គារ (ក្រាំងស្គៀរ) ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កំពុងធ្វើសកម្មភាពអាជីវកម្ម និងដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេង ទាំងមិនទាន់មានច្បាប់អនុញ្ញាតិជាផ្លូវការនៅឡើយ។ ក្រុមការងារបានប្រើគ្រឿងចក្របូមខ្សាច់ រួចដឹកជញ្ជូនមកស្តុកទុកនៅចំណុច ឡាប ក្នុងភូមិឃុំដដែល ដើម្បីបន្តដឹកតាមរថភ្លើងទៅកាន់ខេត្តព្រះសីហនុ (កំពង់សោម)។
​ប្រភពពីប្រជាពលរដ្ឋក្នុងតំបន់បានអះអាងថា អាជីវកម្មបូមខ្សាច់ខាងលើនេះជាកម្មសិទ្ធិរបស់លោក គង់ ម៉ៃ រស់នៅក្នុងភូមិក្ដុល ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ក្រុមការងាររបស់លោក គង់ ម៉ៃ បានលួចធ្វើសកម្មភាពដោយដាក់ម៉ាស៊ីនបូមធំៗ អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយបូមខ្សាច់បានរាប់រយម៉ែត្រគូប យ៉ាងគគ្រឹកគគ្រេង។ ទោះជាយ៉ាងណាក្តី មកទល់ពេលនេះ អាជ្ញាធរមូលដ្ឋានមិនទាន់មានវិធានការទប់ស្កាត់នៅឡើយទេ។
​ការឆ្លើយតបពីស្ថាប័នពាក់ព័ន្ធ
​ទាក់ទងទៅនឹងករណីនេះ លោក ពៅ ស៊ីម ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ឆ្នាំង បានថ្លែងឲ្យដឹងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះថា លោកទើបតែទទួលបានព័ត៌មានពីអភិបាលស្រុកទឹកផុសនាពេលថ្មីៗនេះ។
​លោកប្រធានមន្ទីរបានបន្តថា ក្រោយការស្រាវជ្រាវជាបឋម បានរកឃើញថា ម្ចាស់អាជីវកម្មបូមខ្សាច់ខាងលើ បានដាក់ស្នើសុំអាជ្ញាបណ្ណមកច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងពិតមែន ប៉ុន្តែឯកសាររបស់គាត់កំពុងស្ថិតក្នុងការវាយតម្លៃរបស់ មន្ទីរបរិស្ថានខេត្ត នៅឡើយ។
​លោក ពៅ ស៊ីម បានបញ្ជាក់ថា មន្ទីរបានចាត់បញ្ជូនមន្ត្រីការិយាល័យធនធានរ៉ែ ឲ្យចុះទៅដល់ទីតាំងផ្ទាល់ និងបាន បញ្ជាឲ្យម្ចាស់អាជីវកម្មបញ្ឈប់សកម្មភាព ជាបន្ទាន់ហើយ។
​ទោះបីជាមានការបំភ្លឺពីប្រធានមន្ទីររ៉ែ និងថាមពលយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅតែយល់ឃើញថា ការលួចធ្វើសកម្មភាពបូម និងដឹកជញ្ជូនខ្សាច់យ៉ាងគគ្រឹកគគ្រេង មុនពេលទទួលបានការអនុញ្ញាតិ គឺជា ចេតនាបំពានច្បាប់ យ៉ាងប្រាកដ។ ករណីនេះ អាចក្លាយជាគំរូអាក្រក់ និងអាចរីករាលដាលដល់ម្ចាស់អាជីវកម្មផ្សេងៗទៀត ប្រសិនបើអាជ្ញាធរមិនចាត់វិធានការតឹងរឹងតាមផ្លូវច្បាប់។
​ដូច្នេះហើយ ប្រជាពលរដ្ឋស្នើសុំយ៉ាងទទូចដល់អាជ្ញាធរ មន្ទីរពាក់ព័ន្ធ ជាពិសេស ក្រសួងរ៉ែ និងថាមពល មេត្តាចុះសិក្សា និង ចាត់វិធានការផ្លូវច្បាប់ឲ្យបានតឹងរឹងបំផុត ចំពោះអាជីវកម្មខ្សាច់ខាងលើនេះ ដើម្បីរក្សាបាននូវភាពម៉ឺងម៉ាត់នៃការអនុវត្តច្បាប់នៅកម្ពុជា។

Leave a Reply

Your email address will not be published. Required fields are marked *