​អភិបាលស្រុកតាំងគោក ចុះពិនិត្យ និងជំរុញដោះស្រាយផលប៉ះពាល់ដំណាំដំឡូងមីរបស់ប្រជាពលរដ្ឋដោយសារទឹកភ្លៀង

​(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យផ្ទាល់ដល់ទីតាំងដំណាំដំឡូងមីរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលរងផលប៉ះពាល់ និងខូចខាតដោយសារភ្លៀងធ្លាក់ជាប់ៗគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងទាន់ពេលវេលា។
​ជំរុញអាជ្ញាធរនិងណែនាំមន្ត្រីជំនាញ
​ក្នុងឱកាសចុះពិនិត្យនោះ លោក ហាក់ ម៉ុងហួត បានជំរុញទៅដល់អាជ្ញាធរភូមិ-ឃុំ ទាំងអស់ ត្រូវមានភាពម្ចាស់ការខ្ពស់ ក្នុងការចាត់វិធានការចាំបាច់គ្រប់បែបយ៉ាង ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាផលប៉ះពាល់ដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិកើតមានក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
​លោកអភិបាលស្រុក ក៏បានណែនាំដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធឱ្យរួមសហការគ្នាធ្វើការ វាយតម្លៃពីទំហំផលប៉ះពាល់ និងការខូចខាតដំណាំដំឡូងមី ដោយសារទឹកភ្លៀងនេះឱ្យបានច្បាស់លាស់ និងរៀបចំ លើកផែនការជាក់លាក់ ដើម្បីជាមូលដ្ឋានសម្រាប់ដាក់ចេញនូវវិធានការជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ។ ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់លើការងារជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន និងពិនិត្យមើលដំណាំស្រូវឱ្យបានទាន់ពេលវេលា និងឆាប់រហ័ស។
​សំណូមពរដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន
​ឆ្លៀតក្នុងឱកាសនោះ លោក ហាក់ ម៉ុងហួត ក៏បានសំណូមពរឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបន្ត បង្កើនការប្រុងប្រយ័ត្នខ្ពស់ ពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ពិសេសនៅតាមទីតាំងដែលងាយរងការទឹកលិច។
​បន្ថែមពីនេះ លោកក៏បានណែនាំឱ្យយកចិត្តទុកដាក់ខ្ពស់ ចំពោះ បញ្ហាសុខភាពអនាម័យ របស់ប្រជាពលរដ្ឋ ដោយត្រូវណែនាំដល់ប្រជាពលរដ្ឋ ជាពិសេសកុមារតូចៗ និងសិស្សានុសិស្សដែលត្រូវធ្វើដំណើរទៅកាន់សាលារៀន។ លោកបានសង្កត់ធ្ងន់ថា នៅពេលជួបនូវបញ្ហាសុខភាព ឬករណីសត្វអសិរពិសខាំ ត្រូវប្រញាប់បញ្ជូនអ្នករងគ្រោះទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកឱ្យបានទាន់ពេលវេលាបំផុត។

Leave a Reply

Your email address will not be published. Required fields are marked *