​អភិបាលស្រុកតាំងគោកចុះពិនិត្យស្ថានភាពទឹកជំនន់ និងណែនាំឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់

​(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកជំនន់នៅឃុំស្រឡៅ ក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ។ ការចុះពិនិត្យនេះធ្វើឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលបណ្ដាលឲ្យកម្រិតទឹកទន្លេកើនឡើងជាលំដាប់ ជាពិសេសនៅតំបន់មួយចំនួនដូចជានៅតំបន់ទួលតាមុំ ក្នុងភូមិគោកត្របែក។
​ក្នុងឱកាសនោះ លោក ហាក់ ម៉ុងហួត បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតំបន់រងគ្រោះដោយទឹកជំនន់ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់។ លោកបានក្រើនរំលឹកជាពិសេសឲ្យប្រុងប្រយ័ត្នចំពោះសត្វអសិរពិសផ្សេងៗ និងការពារកូនតូចៗកុំឲ្យលង់ទឹក។ ជាមួយគ្នានេះដែរ លោកក៏បានណែនាំឲ្យយកចិត្តទុកដាក់លើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅដូចជា លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងដេកក្នុងមុងជានិច្ច ដើម្បីចៀសវាងការកើតមានជំងឺផ្សេងៗ។ បើសិនជាមានបញ្ហាសុខភាព សូមប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។
​បន្ថែមពីនេះ លោកអភិបាលស្រុកក៏បានណែនាំដល់អាជ្ញាធរភូមិ-ឃុំ ឲ្យតាមដាននិងរាយការណ៍ជាប្រចាំអំពីស្ថានភាពទឹក និងសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីការពារកុំឲ្យមានការខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ៕

Leave a Reply

Your email address will not be published. Required fields are marked *