ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្ត បានដឹកនាំកម្លាំងចម្រុះរួមជាមួយមន្ត្រីជំនាញជលផល ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងរដូវបិទនេសាទនៅពីរទីតាំងក្នុងស្រុកកំពង់ស្វាយ។
ក្នុងប្រតិបត្តិការនោះ កម្លាំងចម្រុះបានចុះទៅដល់តំបន់បឹងរាល ប្រទះជាល និងតំបន់កក់វាល ដោយបានកម្ទេចចោលនូវឧបករណ៍នេសាទខុសច្បាប់ជាច្រើន រួមមាន៖ របាំងស្បៃមុង និង របាំងសាច់អួន ប្រវែងសរុបប្រមាណ ២៥០ ម៉ែត្រ, ឡុក ចំនួន ៣ និងបង្គោលរបាំងប្រមាណ ២៥០ ដើម។ ក្រៅពីនេះ ក៏បានចាក់លែងកូនត្រីចម្រុះដែលកំពុងពងកូនមួយចំនួនផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្រុមជនល្មើសនៅតែបន្តលួចលាក់ធ្វើសកម្មភាពនៅតំបន់ដាច់ស្រយាលក្នុងព្រៃរនាម ប៉ុន្តែកម្លាំងចម្រុះបានប្តេជ្ញាចិត្តបង្ក្រាបបានជាបន្តបន្ទាប់រាប់ពាន់ម៉ែត្រក្នុងរដូវបិទនេសាទជិត ៣ ខែនេះ។ លោកក៏បានណែនាំដល់កម្លាំងអន្តរាគមន៍ឱ្យបន្តពង្រឹងការងារបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅតាមតំបន់គោលដៅសំខាន់ៗបន្ថែមទៀត ដូចជា ឃុំពាមបាង និងឃុំចំណាយក្រោម ក្នុងស្រុកស្ទោង រួមទាំងឃុំផាត់សណ្ដាយ និងឃុំកំពង់គោ ក្នុងស្រុកកំពង់ស្វាយ ដើម្បីធានាឱ្យមានការកើនឡើងវិញនូវធនធានត្រីធម្មជាតិសម្រាប់ប្រជាជនកម្ពុជា។
ក្នុងឱកាសចុះបំពេញបេសកកម្មនេះ លោកក៏បានឧបត្ថម្ភស្បៀងអាហារ ភេសជ្ជៈ និងប្រេងឥន្ធនៈមួយចំនួនដល់កងកម្លាំងចម្រុះ ដើម្បីជាការលើកទឹកចិត្តនិងគាំទ្រដល់កិច្ចការងាររបស់ពួកគេ។

