(កំពង់ធំ)៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបើកវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ២០២៥ ស្ដីពីនីតិវិធីស៊ើបអង្កេតករណីជួញដូរមនុស្សគ្រប់ទម្រង់ និងការកំណត់អត្តសញ្ញាណជនរងគ្រោះ។ វគ្គនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងរាយការណ៍អំពីកិច្ចការងារការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្ត ព្រមទាំងថ្លែងអំណរគុណដល់គណៈអធិបតីដែលបានចំណាយពេលដ៏មានតម្លៃមកចូលរួម។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ជូនដល់កងកម្លាំងនគរបាលទាំងអស់ដែលបានខិតខំអនុវត្តតួនាទីយ៉ាងសស្រាក់សស្រាំ។ ឯកឧត្តមបានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះមានសិក្ខាកាមចំនួន ១៥៤ នាក់ ស្រី ២៣ នាក់ មកពីបណ្ដាការិយាល័យជំនាញ អធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល។ វគ្គនេះនឹងផ្ដោតលើមេរៀនសំខាន់ៗចំនួន ៤ រួមមាន៖
១. ការស៊ើបអង្កេតករណីជួញដូរមនុស្សគ្រប់ទម្រង់
២. ច្បាប់អន្តរជាតិស្ដីពីការទប់ស្កាត់ ការបង្ក្រាប និងការផ្ដន្ទាទោសការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ
៣. ការកំណត់អត្តសញ្ញាណជនរងគ្រោះ
៤. នីតិវិធីស៊ើបអង្កេតប្រមូលភស្តុតាងក្នុងសំណុំរឿងជួញដូរមនុស្ស
ជាចុងក្រោយ ឯកឧត្តមបានក្រើនរំលឹកដល់សិក្ខាកាមទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់រៀនសូត្រដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗយកទៅអនុវត្តការងារប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាព។

