រដ្ឋបាលខេត្ត និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល រៀបចំវេទិកាសន្ទនា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតាមមូលដ្ឋាន

​(កំពង់ធំ)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសហការជាមួយរដ្ឋបាលខេត្តកំពង់ធំ រៀបចំវេទិកាសន្ទនាស្តីពី “កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងបរិបទថ្មី” នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។ វេទិកានេះមានការចូលរួមពីតំណាងអង្គការ សមាគម សហគមន៍ និងសហជីពក្នុងខេត្ត រួមទាំងមន្ទីរជំនាញជាច្រើនរូប។
​ជាគណៈអធិបតីក្នុងវេទិកានេះ រួមមាន ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. ព្រមទាំងឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ តំណាងឯកឧត្តមអភិបាលខេត្ត។
​ថ្លែងក្នុងវេទិកា ឯកឧត្តម អ៊ុន បុត្ត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសង្គមស៊ីវិល ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្តល់សេវាសង្គម និងអភិវឌ្ឍតាមមូលដ្ឋាន ដូចជាវិស័យអប់រំ សុខាភិបាល និងបរិស្ថានជាដើម។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា វេទិកានេះគឺជាឱកាសដ៏សំខាន់សម្រាប់ពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិល ដើម្បីលើកកម្ពស់សុខដុមនីយកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព។
​ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ក៏បានថ្លែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរវាងអាជ្ញាធរមូលដ្ឋាន និងអង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ធំ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ឯកឧត្តមបានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលបន្តគោរពច្បាប់ ថែរក្សាតម្លាភាព និងបង្កើនទំនុកចិត្តសាធារណជន ព្រមទាំងចូលរួមយ៉ាងស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល ដើម្បីថែរក្សាសុខសន្តិភាព និងស្ថិរភាព។
​ទាក់ទងនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ឯកឧត្តមបានអំពាវនាវឱ្យអង្គការសង្គមស៊ីវិលបន្តរក្សាសាមគ្គីភាព និងស្មារតីស្នេហាជាតិ ព្រមទាំងជឿជាក់លើយន្តការដោះស្រាយបញ្ហារបស់រាជរដ្ឋាភិបាល តាមរយៈមធ្យោបាយការទូត និងសន្តិវិធី។
​ក្នុងឱកាសនេះ អង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ធំ ក៏បានចេញញត្តិរួមគ្នាដោយប្រកាសគាំទ្រពេញទំហឹងចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល ក្នុងបេសកកម្មការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ ជាមួយគ្នានោះ ពួកគេក៏បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់ទ័ពថៃមកលើទឹកដីកម្ពុជា។ អង្គការសង្គមស៊ីវិលក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិជួយអន្តរាគមន៍ឱ្យភាគីថៃដោះលែងវីរកងទ័ពកម្ពុជាទាំង ១៨រូបដោយឥតលក្ខខណ្ឌ និងត្រូវអនុវត្តបទឈប់បាញ់ប្រកបដោយភាពស្មោះត្រង់។

Leave a Reply

Your email address will not be published. Required fields are marked *