​អភិបាលស្រុកស្ទោង៖ លើកទឹកចិត្តអាជ្ញាធរឃុំអភិវឌ្ឍន៍មូលដ្ឋានដោយចៀសវាងគម្រោងត្រួតគ្នា


(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកឡើងក្នុងពិធីដេញថ្លៃគម្រោងមូលនិធិឃុំកំពង់ចិនជើង កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។
​លោកអភិបាលស្រុកបានកោតសរសើរអាជ្ញាធរឃុំកំពង់ចិនជើង ដែលបានឆ្លើយតបយ៉ាងឆាប់រហ័សចំពោះកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយយកបញ្ហាទាំងនោះមកអនុវត្តក្នុងគម្រោងអភិវឌ្ឍន៍មូលនិធិឃុំ។ នេះជាការឆ្លើយតបដ៏ជាក់ស្តែងចំពោះប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា។
​ក្នុងឱកាសនោះ លោកក៏បានសាទរចំពោះដំណើរការដេញថ្លៃដែលប្រព្រឹត្តទៅដោយតម្លាភាព ក្រោមក្រសែភ្នែកអ្នកសារព័ត៌មាន តំណាងក្រុមហ៊ុនដេញថ្លៃ ប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។
​លើសពីនេះ លោកបានណែនាំដល់ក្រុមហ៊ុនដែលឈ្នះការដេញថ្លៃ ត្រូវអនុវត្តគម្រោងសាងសង់ផ្លូវនេះឱ្យបានឆាប់រហ័ស ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយសុវត្ថិភាព ដែលស្របទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧។
​សូមបញ្ជាក់ថា គម្រោងដែលបានដាក់ដេញថ្លៃនេះ គឺជាការសាងសង់ផ្លូវលំក្រួសក្រហមប្រវែង ៧០០ម៉ែត្រ លូ ១កន្លែង និងស្លាកគម្រោង ១ផ្ទាំង ដោយចំណាយថវិកាសរុប ៧៥,៤៧៤,៧៦៥ រៀល។

Leave a Reply

Your email address will not be published. Required fields are marked *