រឿងរ៉ាវ ងួន ចាន់ម៉ុល ជនភៀសខ្លួនដែលធ្លាប់រស់នៅក្នុងជំរំណងចាន់ ទឹកដីខ្មែរ

ដោយ : ភ្នំធំ / បាត់ដំបង-បន្ទាយមានជ័យ :នៅថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០២៥ ខ្ញុំ(បុគ្គលិកកម្មវិធីនៃមជ្ឈមណ្ឌលឯកសារកម្ពុជា) បានធ្វើដំណើរទៅខេត្តបាត់ដំបង និងជួបសម្ភាសន៍ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលធ្លាប់រស់នៅក្នុងជំរំណងចាន់ម្នាក់ឈ្មោះងួន ចាន់ម៉ុល ហៅ ងួន ចាន់ដារ៉ាវង្ស។

ប្រវត្តិរឿងរ៉ាវ ដែល ងួន ចាន់ម៉ុលហៅ ងួន ចាន់ដារ៉ាវង្ស ធ្លាប់បានរស់នៅជំរំណងចាន់មានដូចខាងក្រោម៖

ខ្ញុំឈ្មោះ ងួន ចាន់ម៉ុល ហៅ ងួន ចាន់ដារ៉ាវង្ស អាយុ៦០ឆ្នាំ មានស្រុកកំណើតនៅភូមិចាហួយ ឃុំឬស្សីក្រាំង ស្រុកម៉ោងឬស្សី ខេត្តបាត់ដំបង។
សព្វថ្ងៃរស់នៅភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ប្រពន្ធខ្ញុំឈ្មោះ សុខ វណ្ណនី អាយុ៥០ឆ្នាំ និងមានកូន៤នាក់ (ស្រី៣ និងប្រុសម្នាក់)។ ឪពុកខ្ញុំមានឈ្មោះ ង៉ាំ ងួន (ស្លាប់) និងម្តាយឈ្មោះ សាត់ ម៉ិញ ស្លាប់តាំងពីមុនរបបខ្មែរក្រហម។ ខ្ញុំមានបងប្អូនបង្កើតចំនួន ២នាក់ (ប្រុសទាំងពីរ)។ បន្ទាប់មកឪពុកខ្ញុំមានប្រពន្ធទី២ និងមានកូនចំនួន៣នាក់ទៀត។

នៅក្នុងរបបខ្មែរក្រហម (១៩៧៥ – ១៩៧៩) ឪពុកខ្ញុំជាកងទ័ពខ្មែរក្រហមប្រចាំនៅក្រុងបាត់ដំបង និងបាននាំក្រុមគ្រួសារមករស់នៅក្នុងអង្គភាពកងទ័ពក្នុងបាសាំងទឹក (Basin) ក្នុងក្រុងបាត់ដំបងទាំងអស់គ្នា។ នៅក្នុងឆ្នាំ១៩៧៥ខ្ញុំមានអាយុប្រហែល ១០ឆ្នាំ បានរស់នៅជាមួយឪពុកដែលធ្វើជាចុងភៅនៅក្នុងអង្គភាពកងទ័ពលេខ១៨។ នៅឆ្នាំ ១៩៧៧ អង្គភាពកងទ័ពរបស់ឪពុកខ្ញុំត្រូវបានថ្នាក់លើផ្លាស់ទៅត្រែង។ ចំណែកបងប្រុសខ្ញុំ បានចូលបម្រើកងទ័ពខ្មែរក្រហមនៅក្នុងអង្គភាព១៨។
នៅឆ្នាំ១៩៧៨ ខ្ញុំមានជំងឺ ត្រូវបានឪពុកនាំមកព្យាបាលនៅមន្ទីរពេទ្យព-២ បន្ទាប់ពីបានជាសះស្បើយ ឪពុកបាននាំខ្ញុំទៅនៅក្នុងកងកុមារឈានមុខ ពីព្រោះប្រធានកងកុមារឈានមុខគឺជាក្លើរបស់គាត់។
ខ្ញុំបានរស់នៅក្នុងកងកុមារឈានមុខរហូតដល់កងទ័ពវៀតណាមចូលដល់ក្រុងបាត់ដំបងក្នុងខែមករា ឆ្នាំ១៩៧៩ ទើបខ្ញុំរត់មកជួបជុំជាមួយក្រុមគ្រួសារវិញ។

នៅអំឡុងខែមីនា ឬ ខែមេសា ឆ្នាំ១៩៧៩ ក្រុមគ្រួសារខ្ញុំរួមមាន៖ រូបខ្ញុំ ឪពុក បងប្រុស ម្តាយចុង និងប្អូន៣នាក់ទៀតបានបរទេះគោតាមផ្លូវជាតិ៥ឆ្ពោះទៅស្វាយស៊ីសូផុន និងបានសម្រាកនៅភូមិកងវ៉ាចំនួន១យប់ ក៏បន្តដំណើរទៅលិចបន្តទៀត។ ពេលជួបជាមួយកងទ័ពវៀតណាមនៅតាមផ្លូវ ឪពុកខ្ញុំតែងតែប្រាប់ថា ទៅបើកអង្ករ។
បន្ទាប់ពីឆ្លងផុតពីកងទ័ពវៀតណាម ក្រុមគ្រួសារខ្ញុំ និងជនភៀសខ្លួនដទៃទៀតបានធ្វើដំណើរចូលដល់ខ្សែរត្រៀមទី១របស់ទាហានប៉ារ៉ា។ ទាហានប៉ារ៉ាបានសួរឪពុកខ្ញុំថាទៅណា? ឪពុកខ្ញុំបានឆ្លើយថាទៅបើកអង្ករនៅជំរំណងចាន់។ ទាហានប៉ារ៉ាអនុញាតិឲ្យធ្វើដំណើតបន្តទៅទៀតចូលដល់ខ្សែត្រៀមទី២របស់ទាហានប៉ារ៉ា ទើបចូលដល់ជំរំណងចាន់ដែលស្ថិតនៅក្នុងទឹកដីខ្មែរ ទល់មុខភូមិណងចាន់របស់ថៃ។

នៅពេលនោះក្នុងជំរំណងចាន់មានមនុស្សជាង១០០គ្រួសារ ដែលភាគច្រើនជាគ្រួសារទាហានប៉ារ៉ា និងភាគតិចជាគ្រួសារជនភៀសខ្លួន។ គ្រួសារខ្ញុំបានសម្រេចចិត្តរស់នៅក្នុងជំរំណងចាន់។ គ្រួសារទាហានប៉ារ៉ា និងជនភៀសខ្លួនបានធ្វើជារោងផ្ទាល់ដីប្រក់តង់ព័រណ៍ខៀវសម្រាប់ស្នាក់នៅ។ នៅជំរំណងចាន់មានមនុស្សច្រើននៅពេលឡានដឹកអង្ក ត្រីខកំប៉ុង និងប្រេងឆាររបស់ អង្គការសហប្រជាជាតិ ឬយើងហៅថា យូអិនប្រូ (UNBRO) មកចែកដល់ជនភៀសខ្លួនក្នុងមួយខែម្តង។ ជនភៀសខ្លូនដែលមកទួលយកស្បៀងពី យូអិនប្រូ នៅជំរំណងចាន់រួមមាន៖ គ្រួសារទាហានប៉ារ៉ា គ្រួសារជនភៀសខ្លួន និងប្រជាជនដែលធ្វើដំណើរមកចាំទទួលយកអង្ករហើយត្រឡប់ទៅភូមិស្រុករបស់គេវិញ ។

នៅដើមរដូវរស្សាឆ្នាំ១៩៧៩ ថៃបានចាប់ផ្តើមលើកទំនប់ខ្ពស់ និងជីកប្រឡាយនៅតាមបណ្តោយព្រំដែនកម្ពុជាថៃចាប់ពីជំរំណងចាន់រហូតដល់ភ្នំឆ័ត្រ។ នៅលើខ្នងទំនប់នោះទាហានថៃដាក់ប៉ុស្តិ៍យាម និងដើរល្បាតនៅលើខ្នងទំនប់។
ចំណែកប្រឡាយជាប់នឹងទំនប់ប៉ែកខាងដីខ្មែរ មានទទឺងប្រហែល៣ម៉ែត្រ និងជម្រៅនៅកន្លែងខ្លះមានជម្រៅលិចក្បាល និងកន្លែងខ្លះទៀតមានជម្រៅត្រឹមករមនុស្សចាស់។
ថៃបានទុកតែផ្លូវសម្រាប់ យូអិនប្រូ បើកឡានដឹកអង្ករ និងស្បៀងពីទឹកដីថៃចូលមកក្នុងជំរំណងចាន់តែប៉ុណ្ណោះ។

បន្ទាប់ពីឡានចេញចូលផុតទាហានថៃបានបិទរបងមិនឲ្យជនភៀសខ្លួនចូលទៅប្រទេសថៃដោយគ្មានការអនុញាតិឡើយ។
ក្រៅពីទទួលអង្ករនិងស្បៀងពីយូអិនប្រូ( UNBRO) គ្រួសារទាហានប៉ារ៉ា និងជនភៀសខ្លួនមួយចំនួនត្រូវសុំអនុញាតិពីទាហានថៃ ដើម្បីចូលទៅផ្សារ ឬក្នុងភូមិណងចាន់របស់ថៃ ដើម្បីទិញស្បែកជើង សារ៉ុង ខោអាវ របស់របរ និងផ្លែឈើមួយចំនួនយកមកលក់ឲ្យអ្នករត់ពន្ធ ដែលមកចាំទិញរបស់របរទាំងនោះនៅជំរំណងចាន់។
បើតាមខ្ញុំនៅចងចាំអ្នកគ្រប់គ្រងនៅជំរំណងចាន់មានឈ្មោះយាយក្តុំសក្កិ, ឡៃ វីរៈ, ស្តើង និង ភ្នំ ៕

Leave a Reply

Your email address will not be published. Required fields are marked *