(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំក្រុមការងារនាំយកអំណោយជាស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជនចំនួន ២០៦ គ្រួសារ។
គ្រួសារអតីតយុទ្ធជនទាំងនេះកំពុងរស់នៅក្នុងភូមិ មរតកតេជោ ធិបតី ថ្លុកព្រីង ក្នុងឃុំក្រយា ស្រុកសន្ទុក ដែលជាដីសម្បទានសង្គមកិច្ច និងផ្ទះអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់គ្រួសារអតីតយុទ្ធជនគ្រប់ពេលវេលា។ លោកក៏បានជូនពរដល់អតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សូមទទួលបានសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ និងសុភមង្គលគ្រប់ៗគ្នា។
ជាតំណាងអតីតយុទ្ធជន ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចទាំងពីរ តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានដឹកនាំរៀបចំដីសម្បទានសង្គមកិច្ច សាងសង់ផ្ទះចំនួន ២០៦ ខ្នង រៀបចំប្រព័ន្ធអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជូនដល់អតីតយុទ្ធជនដែលគ្មានដី និងផ្ទះរស់នៅ។
អំណោយដែលបានចែកជូនរួមមាន៖
អង្ករ ចំនួន ២០ គីឡូក្រាម
មីខ្លាឃ្មុំ ចំនួន ១ កេះ
ឃីត ចំនួន ១ កញ្ចប់ ដែលមានគ្រឿងទេស និងសម្ភារៈប្រើប្រាស់មួយចំនួន

