ឧកញ៉ា គុយ លាងគី និងលោកជំទាវ ឃួន ឃុនឌី អញ្ជើញកាន់បិណ្ឌវេនទី៥ នៅវត្តក្តីចារុិ៍ ស្រុកកំពង់ស្វាយ

(កំពង់ធំ)៖ឧកញ៉ា គុយ លាងគី និងលោកជំទាវ ឃួន ឃុនឌី រួមនិងបងប្អូន និងពុទ្ធបរិស័ទចំណុះជើងវត្តអញ្ជើញកាន់បិណ្ឌវេនទី៥ នៅវត្តក្តីចារុិ៍ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក .ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៥។

លោកជំទាវ ឃួន ឃុនឌី បានលើកឡើងថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរជាពុទ្ធសាសនិកប្រារព្ធឡើងក្នុងគោលបំណងដើម្បីរៀបចំសង្ឃភត្តទំនុកបម្រុងដល់ព្រះសង្ឃ ក្នុងរដូវវស្សាពីព្រោះរដូវនេះ មានភ្លៀងធ្លាក់បង្កឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងការនិមន្តបិណ្ឌបាត្រ។

‎លោកជំទាវបន្តថាបង្ហាញអំពីទឹកចិត្តសទ្ធាជ្រះថ្លា របស់ពុទ្ធបរិស័ទ ដែលបានប្រគេនជូនតាមរយៈព្រះសង្ឃ ដែលជាស្រែបុណ្យ ក្នុងគោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួង វិញាណក្ខន្ធ បុព្វការីជនមាន ជីដូន ជីតា ញាត្តិការទាំងប្រាំពីរសន្តាន និងវិញ្ញាណក្ខន្ធវីរៈកងទ័ព ដែល បានចែកឋានទៅកាន់លោកខាងមុខដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ក្នុងអំឡុងនៃជម្លោះព្រំដែន កម្ពុជា-ថៃ សូមបានសោយសុខក្នុង ឋានសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងសូមឧទ្ទិសកុសលផលបុណ្យ ដែលកើតមកពីបុណ្យកាន់បិណ្ឌទី៥នេះ សូមឱ្យទទួលបានមគ្គផលស្មើៗគ្នា។

លោកជំទាវបន្ថែមថាខ្មែរយើងគឺជាជនជាតិមួយដែលមានការដឹងគុណចំពោះបុគ្គលដែលបានធ្វើឧបការៈដល់ខ្លួន ពោលគឺអ្នកកាន់ព្រះពុទ្ធសាសនា ប្រកាន់យកគោលការណ៍ នៃការដឹងគុណ ហើយការដឹងគុណនេះ មិនមែននិយាយត្រឹមតែដូនតា ឬក៏ញាតិមិត្តរបស់ខ្លួនទេ គឺជាការដឹងគុណតាំងពីធម្មជាតិ ដឹងគុណពីអ្នកដទៃ បើមិនជាប់ជាញាតិរបស់ខ្លួនយ៉ាងណាក៏ដោយ ប៉ុន្តែសម្តែងនូវទឹកចិត្តដឹងគុណ ដែលហៅថា កតញ្ញូតាធម៌ ទើបមានការឈានទៅធ្វើពិធីទាំងអស់នេះបាន ព្រោះបើយើងអត់មានកតញ្ញូនៅក្នុងចិត្តទេ គឺមិនអាចទៅធ្វើពិធីបុណ្យនេះបានទេ។ និយាយជារួមមក ពិធីបុណ្យភ្ជុំបិណ្ឌនេះ ដូនតាខ្មែរបានប្រារព្ធធ្វើឡើងក្នុងគោលបំណង បង្រៀនទៅដល់កូនចៅឱ្យដឹងអំពីកំណើត ចេះគោរពដឹងគុណ និងមានកតញ្ញូធម៌ដើម្បីរក្សាវប្បធម៌ជាតិយើង ពិសេសបំផុត គឺបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីក្លាយជាអ្នកបន្តវេណជំនាន់ក្រោយទៀត រក្សាតម្លៃដ៏ពិសិដ្ឋ នៃកតញ្ញូធម៌»។ ពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ក៏ជាមធ្យោបាយដ៏ប្រសើរមួយ ដើម្បីបង្កើតសាមគ្គីភាពដ៏ល្អរបស់ខ្មែរយើង ចាប់តាំងពីថ្នាក់ភូមិ សហគមន៍ រហូតដល់ប្រទេសជាតិទាំងមូល។
គួសបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិបែបព្រះពុទ្ធសាសនាដ៏ធំមួយនៅកម្ពុជា។ ឆ្នាំនេះពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទនៅគ្រប់វត្ត
អារាម។
លោកជំទាវ ឃួន ឃុនឌី បាននាំយកយកនូវសម្ភារៈ និងថវិកាមួយចំនួនចែកជូនដល់លោកយាយ លោកតាផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *