សមត្ថកិច្ចព្រះសីហនុឃាត់ជនសង្ស័យ៣៥នាក់ ក្រោយករណីប្រើអាវុធនៅម្ដុំផ្សារព្រីន ———–

ក្រុងព្រះសីហនុ៖ សមត្ថកិច្ចខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន ៣៥នាក់ ដែលភាគច្រើនជាជនជាតិចិន ក្រោយកើតមានករណីប្រើអាវុធអនាធិបតេយ្យ នៅតំបន់ម្ដុំផ្សារព្រីន បណ្តោយឆ្នេរអូរឈើទាល ក្នុងក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១១ កញ្ញា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានក្នុងស្រុក តាមទូរសព្ទ នៅព្រឹកថ្ងៃទី១២ កញ្ញា ថា ក្នុងប្រតិបត្តិការចុះបង្ក្រាបនោះ កម្លាំងសមត្ថកិច្ចបានដកហូតកាំភ្លើងខ្លី និងវែង ប្រមាណ ១០ដើម ពីក្រុមជនសង្ស័យ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងបន្តសាកសួរ និងប្រមូលភស្តុតាងពីជនសង្ស័យទាំង ៣៥នាក់ ដើម្បីរៀបចំសំណុំរឿង និងដាក់ចាត់វិធានការតាមច្បាប់។

ស្នងការខេត្តបានបន្ថែមថា ការស្រាវជ្រាវដំបូងបង្ហាញថា ជម្លោះប្រដាប់អាវុធនេះ អាចនាំមកពីបញ្ហាដែលពាក់ព័ន្ធនឹង ជំនួញមិនត្រូវគ្នា។ ទោះជាយ៉ាងណា ជនសង្ស័យភាគច្រើនហាក់បីដូចជាមិនចង់ផ្តល់ព័ត៌មានពេញលេញ ដូច្នេះមូលហេតុពិតប្រាកដនៅតែត្រូវការការស្រាវជ្រាវបន្ថែម។

ករណីនេះកំពុងទាក់ទាញចំណាប់អារម្មណ៍ពីសាធារណជន ដោយសារតែការប្រើប្រាស់អាវុធអនាធិបតេយ្យ និងការចូលរួមរបស់ជនបរទេសជាច្រើន ក្នុងទីក្រុងទេសចរណ៍សំខាន់របស់ប្រទេស។

Leave a Reply

Your email address will not be published. Required fields are marked *