(កំពង់ឆ្នាំង)៖ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំថ្នាក់ដឹកនាំក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពបងប្អូនកម្មករនិយោជិតចំនួន ៩នាក់ (ស្រី ៨នាក់) ដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ កាលពីព្រឹកមិញនេះ ស្ថិតនៅភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសដ៏ក្រៀមក្រំនោះ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងនូវសមានទុក្ខយ៉ាងជ្រាលជ្រៅ និងក្តុកក្តួលបំផុតជាមួយក្រុមគ្រួសារសព និងសាច់ញាតិទាំងអស់ ចំពោះការបាត់បង់កូន ភរិយា និងសមាជិកគ្រួសារជាទីគោរពស្រឡាញ់។
បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តដំណើរចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពបងប្អូនកម្មករនិយោជិតដែលបានរងរបួស ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងបាននាំយកថវិកា និងកន្ត្រកផ្លែឈើ ដើម្បីលើកទឹកចិត្ត និងជូនពរឱ្យបងប្អូនបានឆាប់ជាសះស្បើយផងដែរ។
បន្ថែមលើនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នឹងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយដោះស្រាយទុក្ខលំបាកនានារបស់បងប្អូនកម្មករនិយោជិត ក៏ដូចជាក្រុមគ្រួសារសព ដើម្បីធានាថាពួកគាត់នឹងទទួលបាននូវអត្ថប្រយោជន៍ និងការគាំពារផ្សេងៗ ស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គមជាធរមាន៕

