ខេត្តកំពង់ឆ្នាំង៖ ករណីបទល្មើសនេសាទខុសច្បាប់ជាច្រើនកន្លែង កំពុងកើតមានឡើងយ៉ាងអនាធិបតេយ្យនៅក្នុងភូមិសាស្ត្រស្រុកជល់គិរី នាព្រឹត្តិការណ៍រដូវបិទនេសាទនេះ ដែលកំពុងបង្កើតជាការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋទៅលើចំណាត់ការរបស់មន្ត្រីជំនាញក្នុងតំបន់។
បើយោងតាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋមូលដ្ឋាន បានឱ្យដឹងថា បច្ចុប្បន្នមានសកម្មភាពដាក់របាំងណរ៉ាវយ៉ាងច្រើនកន្លែងបិទពំពោះព្រែក ព្រមទាំងការប្រើប្រាស់លប (ក្អែប) ពី ១០ ទៅ ១៥ ទូក យ៉ាងគគ្រឹកគគ្រេងនៅតាមចំណុចសំខាន់ៗមួយចំនួន រួមមាន៖
ចំណុចបឹងខ្វែងឆ្លុះ
ចំណុចកោះប្រវឹក
ចំណុចព្រែកកន្សែងតូច និងព្រែកកន្សែងធំ (ស្ថិតក្នុងភូមិសាស្ត្រភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង)។
ប្រភពដដែលបានបង្ហើបឱ្យដឹងទៀតថា មូលហេតុដែលក្រុមជនល្មើសអាចដាក់របាំង និងឧបករណ៍ខុសច្បាប់ទាំងនេះបានដោយរលូនក្នុងរដូវបិទនេសាទ គឺដោយសារតែមាន «អ្នករត់ការបង់លុយ» ជូនមន្ត្រីពាក់ព័ន្ធរួចរាល់អស់ហើយ។ កត្តានេះហើយ ទើបគេសង្កេតឃើញថា រហូតមកទល់ពេលនេះ ពុំទាន់មានសមត្ថកិច្ចជំនាញណាម្នាក់ ចុះធ្វើការបង្ក្រាប ឬទប់ស្កាត់នោះឡើយ បណ្តោយឱ្យក្រុមជនល្មើសបំផ្លាញធនធានមច្ឆជាតិស្រេចតែអំពើចិត្ត។
ជុំវិញករណីអសកម្មរបស់មន្ត្រីថ្នាក់ក្រោមនេះ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមគោរពស្នើសុំ និងរាយការណ៍ជូន ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង មេត្តាជួយពិនិត្យ មានវិធានការក្តៅ និងដាក់ទម្ងន់ទណ្ឌកម្មទៅលើទាំងក្រុមអ្នកល្មើសច្បាប់ និងមន្ត្រីស្ពឹកស្រពន់ ឬមន្ត្រីដែលឃុបឃិតបើកដៃទាំងនោះ ដើម្បីការពារពូជត្រី និងស្តារជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើចំណាត់ការច្បាប់ឡើងវិញ៕

