(កំពង់ធំ)៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន បានបើកប្រតិបត្តិការឃាត់ខ្លួនក្រុមក្មេងស្ទាវចំនួន ៤នាក់ ជាបន្តបន្ទាប់ ក្រោយពីពួកគេបានធ្វើសកម្មភាពគប់កញ្ចក់រថយន្តរបស់ប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរនៅលើផ្លូវវៀងក្រុងស្ទឹងសែន បង្កឱ្យមានការភ្ញាក់ផ្អើល និងអសន្តិសុខ។
លោកវរសេនីយ៍ឯក គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែន បានបញ្ជាក់នៅនារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នេះថា ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីមានការបង្ហោះវីដេអូព្រមាននៅលើបណ្តាញសង្គម ស្ដីពីករណីក្មេងស្ទាវចាំគប់កញ្ចក់ឡាននៅចំណុចស្ពានវែង ផ្លូវវៀងក្រុងស្ទឹងសែន (ផ្លូវជាតិលេខ៦) និងមានការដាក់ពាក្យបណ្តឹងពីម្ចាស់រថយន្តរងគ្រោះតាមទូរសព្ទ។ ភ្លាមៗនោះ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចុះស្រាវជ្រាវជាបន្ទាន់។
រហូតឈានដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចបានកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យទាំង ៤នាក់ រួមមាន៖
១. ឈ្មោះ វឿង ឈាងអ៉ី ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន (មុខរបរសិស្ស)។
២. ឈ្មោះ រិទ្ធិ បូរ៉ែន (ហៅចយ) ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន (មុខរបរមិនពិតប្រាកដ)។
៣. ឈ្មោះ ធី រក្សា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន (មុខរបរជាងឡាន)។
៤. ឈ្មោះ សឿង ចាន់ដារ៉ា (ហៅវឹង) ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិកំពង់សំរោង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន (មុខរបរជាងក្រឡឹង និងធ្លាប់មានប្រវត្តិជាប់ពន្ធនាគារ)។
បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់ ដើម្បីបញ្ជូនទៅកាន់តុលាការ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ២០៖១០នាទី យប់ នៅតាមបណ្ដាយផ្លូវជាតិលេខ 6A ផ្លូវវៀងក្រុង ស្ថិតក្នុងភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន មានករណីគប់កញ្ចក់រថយន្តដឹកទំនិញធុនធំចំនួន ២គ្រឿង បណ្ដាលឱ្យបែកកញ្ចក់ធំខាងមុខយ៉ាងដំណំ។
រថយន្តរងគ្រោះទាំងនោះរួមមាន៖
រថយន្តទី១៖ ម៉ាក ហ៊ីយ៉ាន់ដាយ (Hyundai) ពាក់ស្លាកលេខ ភ្នំពេញ 3D-0679 (ម្ចាស់គណនី Facebook ឈ្មោះ «ហ៊ាជា ឡានជួល»)។
រថយន្តទី២៖ ម៉ាក ហ្វូសូ (FUSO) ពណ៌ត្រួយចេក ពាក់ស្លាកលេខ ព្រះសីហនុ 3A-7807 ជារបស់ឈ្មោះ ទិត សុខ ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិចង្រៀក ឃុំទួលសាលា ស្រុកបរសេធ ខេត្តកំពង់ស្ពឺ៕

