អភិបាលខេត្តកំពង់ឆ្នាំង ព្រមានដកតំណែង និងចាត់វិធានការច្បាប់លើមន្ត្រីទាំងឡាយណាដែលពាក់ព័ន្ធនឹងបទល្មើសនេសាទ

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដាក់បទបញ្ជាព្រមានយ៉ាងធ្ងន់ៗ ក្នុងការដកតំណែងមន្ត្រីរូបណាដែលនៅបន្តកាង ឬចូលរួមពាក់ព័ន្ធជាមួយជនប្រព្រឹត្តបទល្មើសនេសាទ ដោយបញ្ជាក់ថា សកម្មភាពល្មើសច្បាប់ ជាពិសេសការប្រើប្រាស់ឧបករណ៍ឆក់ក្តៅ និងឆក់ត្រជាក់ គឺត្រូវតែលុបបំបាត់។
​ការព្រមានបែបនេះ បានធ្វើឡើងនៅក្នុងវេទិកាពិគ្រោះយោបល់ ស្តីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តជាមួយអង្គការ សមាគម និងសហគមន៍នានា ក្នុងខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។ ពិធីនេះមានការចូលរួមពីមន្ត្រីរាជការ តំណាងមន្ទីរជុំវិញខេត្ត និងតំណាងអង្គការដៃគូ សមាគម ព្រមទាំងសហគមន៍នានាជាច្រើនរូប។
​នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា៖
​«កុំថាឡើយត្រឹមមេប៉ុស្តិ៍ មេឃុំ ឬអភិបាលស្រុករូបណា ដែលនៅពីក្រោយ ឬការពារបទល្មើសនេសាទ គឺត្រូវតែប្រឈមមុខនឹងការដកតំណែងចោល ហើយត្រូវបន្តនីតិវិធីចាត់វិធានការតាមផ្លូវច្បាប់បន្ថែមទៀត ដោយគ្មានការលើកលែងឡើយ»។
​ឯកឧត្តមបន្ថែមថា ផ្អែកតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល មកទល់ពេលនេះគឺមិនត្រូវឱ្យមានបទល្មើសនេសាទកើតឡើងទៀតនោះទេ ពោលគឺត្រូវតែបង្កើនកិច្ចការពារធនធានធម្មជាតិឱ្យខានតែបាន។ ហេតុនេះ សហគមន៍នេសាទទាំងអស់ត្រូវតែបង្កើនការយកចិត្តទុកដាក់ និងរួមគ្នាទប់ស្កាត់រាល់សកម្មភាពឆក់ត្រីនៅក្នុងមូលដ្ឋានរបស់ខ្លួន។
​ជាមួយគ្នានេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យផ្លាស់ប្តូរទម្លាប់ពីការនេសាទបែបបំផ្លិចបំផ្លាញ មកជាការចិញ្ចឹមត្រីវិញ ដោយរួមគ្នាចងក្រងជាសហគមន៍ ស្វែងយល់ពីបច្ចេកទេសកែច្នៃការដាំដុះ និងការផលិតចំណីអាហារដើម្បីចិញ្ចឹមត្រី។ ជាពិសេស ស្រុកចំនួន៤ ដែលស្ថិតនៅតាមដងទន្លេ ត្រូវយកចិត្តទុកដាក់ជំរុញឱ្យបានខ្ពស់លើវិស័យវារីវប្បកម្ម វិស័យឧស្សាហកម្ម ការដាំដុះស្រូវ តំបន់សេដ្ឋកិច្ចពិសេស និងវិស័យទេសចរណ៍។
​ទន្ទឹមនឹងការដាក់ចេញបទបញ្ជាដាច់ណាត់នេះ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង និងបានសំណូមពរដល់ឯកឧត្តមអភិបាលខេត្ត មេត្តាបន្តអនុវត្តច្បាប់ដោយស្មើភាពគ្នា មិនថាជាមន្ត្រី ឬជារាស្ត្រឡើយ។ ប្រជាពលរដ្ឋបានសង្កត់ធ្ងន់ថា ចំពោះមន្ត្រីដែលជាអ្នកអនុវត្តច្បាប់ តែបែរជាប្រព្រឹត្តខុស ឬកាងបទល្មើស គួរតែត្រូវទទួលទណ្ឌកម្មឱ្យបានធ្ងន់ធ្ងរបំផុត ដើម្បីជាការព្រមាន និងពង្រឹងប្រសិទ្ធភាពច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *